ខេត្តកណ្ដាល៖ ជនសង្ស័យជួញដូរថ្នាំញៀនសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន និងធ្វើការដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ ។ ប្រតិបតិ្ដការបង្រ្កាបចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ អុល គៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៧កញ្ចប់ (ធំ៣កញ្ចប់ -តូច១៤កញ្ចប់) និងបារីចំនួន១កញ្ចប់ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកស្អាង ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ ។ លុះមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះក៏ធ្វើការសហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះធ្វើការនិងធ្វើការការឆែកឆេររហូតបានរកឃើញថ្នាំញៀនចំនួន១៧កញ្ចប់ ឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ អុល គៀន បានសារភាពថា ថ្នាំញៀនចំនួន១៧កញ្ចប់ខាងលើនេះ គឺជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ចំនួន១កញ្ចប់ធំ ក្នុងតម្លៃ១០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកមកលក់បន្ដ ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ អុល គៀន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល៨ខែ ពីបទលួច និងជាប់ពន្ធនាគារព្រៃស ពីបទលួច រយៈពេល០៩ខែផងដែរ ៕ ស្អាងជ័យ