ខេត្តត្បូងឃ្មុំ ៖ នារសៀលថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ បានចុះត្រួត ពិនិត្យរោងចក្របារី CTK ស្ថិតក្នុងស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែល សង្ស័យថាមានការវេចខ្ចប់ផលិតផលថ្នាំ ជក់ពុំមានបោះពុម្ពសារព្រមានសុខភាព និងរូបភាពលើកញ្ចប់ត្រឹមត្រូវតាមច្បាប់ កំណត់។
សមត្ថកិច្ចចម្រុះបានរកឃើញបារី៤ ម៉ាក សរុបចំនួន១.៥៩១ប៊ិច បានផលិត និងវេចខ្ចប់ពុំមានសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាពអនុលោមទៅតាម ច្បាប់កំណត់ ព្រមជាមួយសំបកវេចខ្ចប់ ចំនួន៤៤កេសទៀត ។ លោកព្រះរាជអាជ្ញារង ទៀវ ពណ្ណរាយ អមសាលាដំបូង ខេត្តត្បូងឃ្មុំបានសម្រេចឲ្យប្រមូលយកបារី និងសំបកវេចខ្ចប់ទាំងអស់ខាងលើទៅរក្សាទុកក្នុង បន្ទប់នៃទីតាំងផ្នែកខាងមុខរោងចក្រ រួចធ្វើ ការបិទប្លុមបេបន្ទប់នោះជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចថ្មីពីតុលាការ។
នេះជាប្រតិបត្តិការលើកទីពីរហើយ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រសួងសុខាភិបាល ចុះពង្រឹងការអនុវត្ត ច្បាប់លើការបោះពុម្ពសារព្រមានសុខភាព និងរូបភាពឲ្យបានត្រឹមត្រូវតាមច្បាប់ កំណត់ ៕ ហេង សូរិយា