នៅពេលនេះប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសទួរគីដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ទាំង វិស័យយោធា អាវុធនិងពាណិជ្ជកម្ម ក្រោម ក្រសែភ្នែក តាមដានពីបណ្តាប្រទេស លោកខាងលិច។
ជាមួយគ្នានេះ លោកពូទីន ក៏បានទៅ ចូលរូមពិធី បើកការដ្ឋានសាងសង់ រោង ចក្រថាមពលនុយក្លេអ៊ែរ ដំបូងបំផុត របស់ទួរគី ដែលមានឈ្មោះថា អាកគូយូ (Akkuyu Nuclear Power Plant) ត្រូវ បានធ្វើឡើងកាលពីថ្ងៃអង្គារ ទី៣ ខែមេសា ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ែរដូហ្កាន់ និងលោក ពូទីន តាមរយៈវីដេអូឆ្លើយឆ្លងតាមប្រព័ន្ធអុីនធើណេត ចេញ ពីរដ្ឋធានីអង់ការ៉ា។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅព្រឹកថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ ២០១៨។
នាឱកាសនោះប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បាននិយាយថា ការអនុវត្តន៍ដោយជោគជ័យ នៃគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu នឹងក្លាយជានិមិត្តរូបមួយ នៃការ អភិវឌ្ឍប្រកបដោយសក្តានុពល ដែលកើត ចេញពីភាពជាដៃគូទួរគី-រុស្ស៊ី។ ទន្ទឹមនឹង នេះប្រធានាធិបតីទួរគី លោក តាយយីប អ៊ែរដូហ្កាន់ បានលើកឡើងថា ប្រទេស ទួរគីកំពុងអនុវត្ត គម្រោងយុទ្ធសាស្រ្ត សំខាន់ៗជាច្រើន ជាមួយប្រទេសរុស្ស៊ី រួម មានទាំងប្រព័ន្ធមីស៊ីល S-400 និងបណ្តាញ បំពង់ផ្គត់ផ្គង់ឧស្ម័ន TurkStream ជាដើម ហើយការសាងសង់រោងចក្រនុយក្លេអ៊ែរ Akkuyu គ្រាន់តែជាផ្នែកមួយ នៃគម្រោង ទាំងនេះប៉ុណ្ណោះ។
គួរជម្រាបថា រោងចក្រថាមពលនុយក្លេ អ៊ែរ Akkuyu ដែលមានទីតាំងនៅក្នុងខេត្ត Mersin ភាគខាងត្បូងទួរគី នឹងត្រូវសាង សង់ឡើងជាមួយទឹកប្រាក់ប្រហែល ២០ ពាន់លានដុល្លារ ហើយត្រូវគេរំពឹងថា នឹងអាចចាប់ធ្វើប្រតិបត្តិការបាននៅឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ត្រូវបានចុះហត្ថលេខារវាងទីក្រុងអង់ការ៉ា និងមូស្គូ តាំងតែ ពីឆ្នាំ២០១០មកម៉្លេះ ប៉ុន្តែត្រូវបានផ្អាកទៅវិញកាលពីឆ្នាំ២០១៥ នៅពេលដែលទួរគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង នៅក្បែរព្រំដែនស៊ីរី ដែលជាហេតុបណ្តាលឲ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះជាខ្លាំង។
លោកពូទីន ប្រធានាធិបតីរុស្ស៊ី បាន ទៅដល់រដ្ឋធានីអង់ការ៉ា របស់ទួរគី កាល ពីរសៀលថ្ងៃអង្គារ ទី៣មេសា។ កម្មវត្ថុ នៃដំណើរនេះ គឺដើម្បីបើកកិច្ចប្រជុំត្រីភាគី រវាងរុស្ស៊ី ទួរគី និងអុីរ៉ង់ ស្តីពីបញ្ហាសង្រ្គាម នៅស៊ីរី។ ក៏ប៉ុន្តែ មុននឹងកិច្ចប្រជុំនេះបានចាប់ផ្តើម ប្រធានាធិបតីរុស្ស៊ី បានជួបមួយ ទល់នឹងមួយ ជាមួយនឹងលោកអ៊ែរដូហ្គានប្រធានាធិបតីទួរគី ដើម្បីបើកសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរមួយនៅទួរគី ដែលសាងសង់ដោយរុស្ស៊ី។ ការខិតមក ជិតសហការគ្នាយ៉ាងណែន រវាងរុស្ស៊ី នឹងទួរគី នាពេលនេះ កំពុងធ្វើឲ្យប្រទេស លោកខាងលិច ជាពិសេសអង្គការអូតង់តែម្តង បើកភ្នែកតាមដានយ៉ាងប្រុងប្រយ័ត្ន។
ដើម្បីបើកសម្ពោធអាណត្តិថ្មីរបស់ខ្លួន លោកពូទីន បានជ្រើសរើសយកទួរគី ដើម្បីធ្វើដំណើរទៅចាប់រលាក់ដៃ ជាមួយ ដៃគូពិសេស ដែលកំពុងតែល្អូនល្អននឹងគ្នា នោះគឺលោកប្រធានាធិបតីអ៊ែរដូហ្គាន។ ក្នុងឱកាសនេះ ប្រធានាធិបតីទាំង២ បាន បើកសម្ភោធការដ្ឋានសាងសង់ រោងចក្រ ផលិតថាមពលនុយក្លេអ៊ែរ មួយកន្លែង នៅតំបន់ Akkuyu ក្នុងខេត្តMersin ភាគ ខាងត្បូងទួរគី។ នេះគឺជារោងចក្រ ផលិត ថាមពលនុយក្លេអ៊ែរទីមួយហើយ របស់ ទួរគី ដែលទួរគី បានជ្រើសរើសយកបច្ចេកវិទ្យារបស់រុស្ស៊ី។ គម្រោងនេះ បានធ្លាក់ទឹក ម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្រោយ ពេលដែលទួរគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ដែលហោះចូល មកក្នុងដែនអាកាសរបស់ខ្លួន។
ប៉ុន្តែបើយើងក្រឡេកមកមើលពេលនេះវិញ រឿងរ៉ាងល្អក់កករទាំងអម្បាលម៉ាន ហាក់រលាយដូចអំបិលត្រូវទឹក។ រុស្ស៊ី និង ទួរគី កំពុងតែចាប់ដៃគ្នាយ៉ាងណែន មិនថាក្នុងកិច្ចការនយោបាយអន្តរជាតិ កិច្ចការ កងទ័ព និងកិច្ចការសេដ្ឋកិច្ចនោះទេ។ ទួរគី និងរុស្ស៊ី ទើបតែបានសម្រេចសហ ការគ្នា ក្នុងការសាងសង់បំពង់បង្ហូរឧស្ម័ន Turkstream ដែលចេញពីរុស្ស៊ី ឆ្លងកាត់ សមុទ្រខ្មៅ ឆ្ពោះមកកាន់ទួរគី មុននឹងបញ្ជូនបែងចែកទៅលក់នៅអឺរ៉ុប។ ធ្វើបែបនេះ រុស្ស៊ី មិនចាំបាច់រំពឹង លើបំពង់បង្ហូរឧស្ម័ន របស់អ៊ុយក្រែនទៀតឡើយ។
មិនត្រឹមតែប៉ុណ្ណោះ ទួរគីនិងរុស្ស៊ី ក៏ បានអះអាងដែរ ថាគេទាំង២ បានព្រម ព្រៀងគ្នារួចហើយ លើកិច្ចសន្យា ដែលទួរ គី ទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី។ ដំណឹងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំអង្គការ អូតង់ កាន់តែងឿងឆ្ងល់ និងមានការប្រុង ប្រយ័ត្នបំផុត ចំពោះទំនោរបែកឆ្វេង របស់ទួរគី ព្រោះថាទួរគី ជាសមាជិកអូតង់ តែបែរជាទៅទិញមីស៊ីល ពីគូប្រជែងរបស់ អូតង់ទៅវិញ។ ការខិតទៅជិតគ្នា គួរឲ្យ ព្រួយបារម្ភ រវាងទួរគី នឹងរុស្ស៊ីនេះ ក៏វា ចំពេលដែលរុស្ស៊ី កំពុងតែមានវិបត្តិការទូតយ៉ាងធ្ងន់ធ្ងរ ជាមួយប្រទេសលោកខាង លិចដែរ។ ខុសពីប្រទេសលោកខាងលិច ក៏ដូចជាសមាជិកអង្គការអូតង់ផ្សេងទៀត ទួរគី មិនបានបណ្តេញ មន្រ្តីការទូតរបស់ រុស្ស៊ី ចេញពីប្រទេសខ្លួនឡើយ។
ចំណងសម្ពន្ធភាព រវាងរុស្ស៊ី នឹងទួរគី ហាក់កាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងសំណុំរឿងស៊ីរី ដែលមេដឹក នាំប្រទេសទាំង២ នឹងជួបនិយាយគ្នា ជាមួយនឹងលោកប្រធានាធិបតីអុីរ៉ង់ នៅថ្ងៃពុធនេះ។ អង្គការសហប្រជាជាតិ ប្រទេសលោកខាងលិច ឬសហភាពអឺរ៉ុប ហាក់ដូចជាសំងំស្ងាត់ឲ្យឈឹង គ្មានវត្តមាន ឬដំណោះស្រាយអ្វីសោះ ក្នុងបញ្ហាស៊ីរីនេះ ខណៈដែលប្រទេសទាំងបី រុស្ស៊ី ទួរគី អុីរ៉ង់ កំពុងបែងចែកភោគផលគ្នា នៅស៊ីរី។
រុស្ស៊ីនិងទួរគី កំពុងតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិភាព នៅក្នុងប្រទេស ស៊ីរី ពិសេសគឺនៅពេលដែល ប្រធានាធិបតីអាមេរិកបានប្រកាសត្រៀមដកកម្លាំង ទាហានចេញពីស៊ីរី។
តាំងពីដើមមកទួរគី គឺស្ថិតនៅម្ខាង គាំទ្ររុស្ស៊ីនៅក្នុងគោលនយោបាយអន្តរជាតិនានា ។មិនតែប៉ុណ្ណោះទួរគីក៏បាន គាំទ្រដល់ប្រទេសអីុរ៉ង់ផងដែរ ។ ក្រុម អ្នកវិភាគលើកឡើងថាទួរគី អីុរ៉ង់ និងរុស្ស៊ី កំពុងតែបង្កើនឥទ្ធិពល គ្រប់គ្រងតំបន់ ជម្ឈិមបូព៌ា មិនអនុញ្ញាតឲ្យអាមេរិក ចូល មកគ្រប់គ្រងតំបន់ដែលសម្បូរធនធានប្រេងរ៉ែនោះឡើយ៕ ម៉ែវ សាធី