ភ្នំពេញ៖ រថយន្តម៉ាក (ផច) ស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿងយ៉ាងលឿន ងងួយដេក ងោកមួយភាំង រេចង្កូតជ្រុលទៅបុកក្បាលនាគ ថ្ម របាំង្្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត២កង់ រីឯក្បាលរថយន្តគងលើថ្មហើបកង់មុខទាំង២ ទៅមុខលែងរួច ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋាបាលស្វាយប៉ាក ស្ថិតតាមបណ្តោយផ្លូវលេខ៥ ក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ ។
រថយន្តបង្កម៉ាក(ផច) ចំណុះពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 2M-4455 រងការខូចខាតមួយកំណាត់មុខ ។ រីឯអ្នកជិក្នុងរថយន្តជនជាតិចិន ប្រុសស្រីទាំ២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ រងរបួសស្រាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសជនជាតិចិន និងអ្នករួមដំណើរស្រ្តីជនជាតិចិនម្នាក់ទៀត អង្គុយក្នុងកាប៊ីនជាមួយ ធ្វើដំណើរតាមផ្លូវលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជាកន្លែងចំហរផ្លូវសំរាប់ឆ្លងកាត់ បុរសជាអ្នកបើកបរងងួយដេកងោកមួយភាំង បានរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មរបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខុចខាតអស់ចំនួន២កង់ ហើយក្បាលរថយន្តបង្កបានគងលើថ្មរបាំងពុះចែកទ្រូងផ្លូវហើបកង់មុខទាំង២ទៅមុខលែងរួចហើយ ភ្លាមៗនោះអ្នកបើកបរនឹងស្ត្រីរួមដំណើរជាមួយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបណ្ណោះអាសន្ន ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលស្វាយប៉ាកសិនរងចាំប្រគល់ឲ្យទៅការិយាល័យចរចរាណ៍ជើងគោករាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង មកស្ទូចយករថយន្តបង្ក និងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ អរុណរះ