ម៉ាឡេស៊ី៖ តបតាមការអញ្ជើញរបស់ប្រមុខរដ្ឋម៉ាឡេស៊ី គណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទហាឡាល់អន្ដរជាតិលើក ទី១០ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា បានចូលជួបលោកDato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីម៉ាឡេស៊ី ថ្នាក់ដឹកនាំជំនាញជាន់ខ្ពស់ ស្ថាប័នហាឡាល់ និងអ្នកវិនិយោគហាឡាល់ដ៏ធំនៅម៉ាឡេស៊ី ក្នុងគោលបំណង ពិភាក្សាការងារ និងសុំបទពិសោធន៏ជំនាញហាឡាល់ ដើម្បីយកមកអនុវត្ដការងារផលិតហាឡាល់នៅកម្ពុជាឲ្យទទួល បានជោគជ័យ ។ជំនួបនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៤ មេសា ឆ្នាំ២០១៨ នៅកូឡាឡាំពួរ ម៉ាឡេស៊ី ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាមានមោទកភាពណាស់ ដែលបានមកចូលរួមសន្និសីទអន្ដរជាតិ ហាឡាល់ លើកទី១៥ ដែលមានជាង ៦០ប្រទេស នៅក្នុងសន្និសីទ ហាឡាល់ ពិភពលោកនាពេលនេះ ហើយក៏ឱកាសដែលកម្ពុជា ដល់ពេល បើកទ្វារស្វាគមន៍គ្រប់ទំហំអ្នក វិនិយោគ ឧស្សាហកម្មហាឡាល់ ព្រោះយើងមានកំណើន សេដ្ឋកិច្ចជាមធ្យមមិនក្រោម ៧% ជាពិសេសគឺយើងមានលក្ខណ្ឌអំណោយផលជាច្រើន រួមមានវត្ថុធាតុដើម កម្លាំងពលកម្មជាដើម ។
លោក អូស្មាន ហាស្សាន់ បានបន្តថា ៖ សព្វថ្ងៃនេះ កម្ពុជាសម្រេចបានដោយជោគជ័យ ក្នុងការដំណើរការគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា ដោយមានការជ្រោមជ្រែង លក្ខណ្ឌបច្ចេកទេស ហាឡាល់ ប្រទេសថៃ និង ម៉ាឡេស៊ី ដោយយើងបានដំណើរការ បញ្ជាក់ហាឡាល់ ទៅអោយផលិតផលមួយចំនួនរួចហើយ ខណៈក្រុមឯកទេសកំពុងអនុវត្តការចុះពិនិត្យទៅដល់ភោជនីយដ្ឋាន និង សិប្បកម្មជាច្រើនផ្សេងទៀត ដែល នឹងចេញ វិញ្ញាបន័បត្រ ជូនអ្នកវិនិយោគ ហាឡាល់ ជាបន្តបន្ទាប់ សម្រាប់កន្លែងដែល បានអនុវត្តតាមលក្ខណ្ឌហាឡាល់ត្រឹម ត្រូវ ។
ក្រោយពីជំនួប ជាមួយលោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរួចមក លោក អូស្មាន ហាស្សាន់ ក៏បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្ដែងការគួសមជាមួយ លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ដើម្បីបន្ដដំណើរ ចូលរួមសន្និសីទហាឡាល់ ពិភពលោកលើកទី១០ និងពិពណ៌ហាឡាល់អន្តរជាតិ លើកទី ១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយ ក្រុមហ៊ុនអភិវឌ្ឍន៍សហប្រតិបត្តិការហាឡាល់ ម៉ាឡេស៊ី ក្រោមអធិបតីភាព លោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី ៣-៥ មេសា ២០១៨ ។
កម្មពិធីនេះ ក៏មានអ្នកចូលរួម១២០០ នាក់ ជាអតីតនាយក រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ឥស្សរជន, ស្ថាប័នហាឡាល់,ធនាគារ ,ក្រុមហ៊ុន ,វិនិយោគិន ,សភាពាណិជ្ជ កម្ម ,បណ្ឌិត ,សាស្ត្រាចារ្យ មកពីបណ្តាប្រទេសចំនួន៦០ ជុំវិញពិភពលោក។
ជាមួយគ្នានោះដែរលោក អូស្មាន ហាស្សាន់ ក៏បាន បញ្ជាក់ អំពីមោទកភាព ចំពោះកម្ពុជា ថា៖ កម្ពុជាមាន ឱកាសច្រើន មានលទ្ធភាពច្រើន និងអំណោយផល ពីឱកាសវិនិយោគឧស្សាហកម្មហាឡាល់ នៅកម្ពុជា ព្រោះកម្ពុជា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ បានត្រៀមខ្លួន រួចរាល់ និងគិតគូយ៉ាងយកចិត្ដទុកដាក់បំផុត ផ្នែកធនធាន មនុស្ស ទៅលើការវិនិយោគហាឡាល់ តែរយៈពេល ១ឆ្នាំចុងក្រោយប៉ណ្ណោះ មានអ្នកវិនិយោគបរទេសជាច្រើន បានផ្តល់ចំណាប់អារម្មណ៍ ដល់ភាគីតំណាងស្ថាប័ន ក្រុម ហ៊ុនហាឡាល់ និងអ្នកវិនិយោគតំណាងប្រទេសនានាជាខ្លាំង ហើយបានធ្វើអោយកិត្តិយសកម្ពុជានិងសក្តានុពលវិស័យហាឡាល់នៅកម្ពុជា កាន់តែល្បីរន្ទឺ និងត្រូវបានទទួលស្គាល់នៅលើឆាកទីផ្សារហាឡាល់អន្តជាតិ ដែល មានទំហំទឹកប្រាក់ប្រមាណ៣,៣ លាន លានដុល្លារខណៈ ផ្នែកម្ហូបហាឡាល់មានទំហំទឹកប្រាក់ប្រមាណជាង១លាន លានដុល្លារអាមេរិក ៕ ដោយ៖ សំរិត