ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈជិះម៉ូតូហើយត្រូវបានរថយន្តម៉ាកហុីយាន់ដាយស៊េរីទំនើបបើកបុកពេទញទំហឹង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៦៧ កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំកាមន ហើយរថយន្តបានព្យាយាមបើករត់រហូតដក់ជិតផ្ទះសៃំណាក់វ័លមាស តាមបណ្តោយផ្លូវ១៣៥ ត្រូវបានប្រជាពលរដ្ឋចាប់បានតែម្តង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GK 2456 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកហុីយាន់ដាយស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AO 2713 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានប្រុសស្រីចំនួន៦នាក់ទៀតជាជនជាតិចិនដូចគ្នាធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់មុខ និងផ្ទះសំណាក់វ័លមាស ទើបត្រូវបានប្រជាពលរដ្ឋដេញចាប់បានតែម្តង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់ពេលបញ្ជូនទៅដល់។ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ