ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រយ័ត្នឆ្លងទៅខាងឆ្វេងដៃជ្រុលបុករថយន្ដសេរីទំនើបរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េកញ្ចាស់មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ឆ្លងទៅខាងឆ្វេងដៃជ្រុលបុករថយន្ដសេរីទំនើបម៉ាក អាលហ្វា ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២ និង២០នាទីថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមសាក្សីនៅក្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AO-5628 ធ្វើដំណើរតាមបណ្តោយផ្លូវក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AR-2497 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នឆ្លងទៅខាងឆ្វេងដៃជ្រុលបុករថយន្ដពេញទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សុខាសុខាសែនជ័យ


ចែករំលែក៖