ខេត្តសៀមរាប៖ បន្ទាប់ពីកិច្ចប្រជុំចង្អៀតរួចហើយ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចជុំកំពូលពេញអង្គនៃ គណៈកម្មការទន្លេមេគង្គលើកទី៣ ដែលធ្វើឡើងនៅសណ្ឋាគារសុខា សៀមរាប។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃប្រទេសឡាវ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម និងលោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានតំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនារបស់គណៈកម្មការទន្លេមេគង្គចូលរួមផងដែរដូចជា ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា និងដៃគូអភិវឌ្ឍន៍នៃគណៈកម្មការទន្លេមេគង្គ មួយចំនួនទៀតផងដែរ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណនិង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំប្រទេសទន្លេមេគង្គទាំងអស់ ក៏ដូចជាប្រទេសដៃគូរសន្ទនា និងដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គមួយចំនួនទៀត ដែលបានមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ថ្ងៃនេះ។ កិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលប្រទេសទាំងអស់បានពិនិត្យឡើងវិញនូវវឌ្ឍនភាព និងធ្វើការកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីៗសម្រាប់ពេលអនាគត និងដើម្បីធានាថាគណៈកម្មការទន្លេមេគង្គអាចមានសមត្ថភាពនិងការអនុវត្តបេសកកម្មនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពអោយកាន់តែល្អប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីសោមនស្សរីករាយ និងមានមោទនៈភាពចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តភាព ជាពិសេសការពារតុល្យភាពអេកូឡូស៊ីនៃអាងទន្លេមេគង្គ។ ជាមួយគ្នានោះ យើងក៏បានអនុម័តយុទ្ធសាស្រ្តតាមវិស័យជាច្រើនទៀតដូចជា យុទ្ធសាស្រ្តសម្របសម្រួលមេគង្គនិងផែនការសកម្មភាពសម្រាប់ការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រគ្រប់គ្រងនិងអភិរក្សជលផល។ ជាពិសេសការអនុម័តនិងការអនុវត្តរចនាសម្ព័ន្ធថ្មីរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គដែលបង្កើតនូវវេទិកាមានប្រយោជន៍សម្រាប់កិច្ចសហប្រតិបត្តិការដែលបន្តរួមទាំងកិច្ចព្រមព្រៀងលើរូបមន្តវិភាគទានជាតិឆ្ពោះទៅរកនិរន្តរភាពដោយខ្លួនឯងរបស់គណៈកម្មាធិការទន្លេមេគង្គនៅឆ្នាំ ២០៣០។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទន្លេមេគង្គគឺជាប្រភពនៃជីវិតប្រកបដោយនិរន្តភាពនិងការអភិវឌ្ឍន៍នៃបណ្តាប្រទេសតាមដងទន្លេ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ទទួលស្គាល់ផងដែរថាអាងទឹកនៅតែបន្តប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជាកំណើនប្រជាជន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងតម្រូវការកាន់តែច្រើនឡើងៗដូចជាតម្រូវការទឹក ស្បៀងអាហារ សន្តិសុខ និងថាមពលនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ។ លើសពីនេះ គឺផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែច្បាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ និន្នាការនេះនឹងបង្កការគំរាមកំហែងបន្ថែមទៀតទៅលើប្រព័ន្ធទន្លេមេគង្គ ជាពិសេសលើធនធានធម្មជាតិនិងនិរន្តរភាពរបស់វា។ ដូច្នេះអាណត្តិ និងគោលដៅរួមរបស់យើងគឺដើម្បីធានាថាអត្ថប្រយោជន៍ដែលផ្តល់ដោយមេគង្គសម្រាប់ប្រទេសដែលមានទន្លេនៅតាមដងទន្លេអាចនឹងមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវទស្សនៈមួយចំនួនដល់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដែលគួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមលើបញ្ហាមួយចំនួនដូចជា៖
១)បន្តជំរុញ និងពង្រឹងយន្តការសម្រាប់ការសម្របសម្រួលនិងការអភិវឌ្ឍទឹក និងនិរន្តរភាពធនធានធម្មជាតិដែលមាន និរន្តរភាពដើម្បីផលប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិក និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។
២)បន្តផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលទាក់ទងនឹងនិរន្តភាពនៃអាងទន្លេមេគង្គ ដូចជាការគ្រប់គ្រងកាកសំណល់ និងបរិស្ថាន ផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការចម្លងរោគ និងការប្រើប្រាស់ទឹកនៅតាមទន្លេ និងការគ្រប់គ្រងគម្រោងផ្សេងៗទៀតដែលទាក់ទងនឹងនិរន្តរភាពនៃអាងទន្លេមេគង្គ និងជីវចំរុះ ។
៣)បន្តបង្កើតវិធានការនិងផែនការអនុវត្តដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ព្រមទាំងលើកទឹកចិត្តឱ្យមានការចុះសម្រុងគ្នានៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
៤)បន្តពង្រឹងសមត្ថភាពធនធានមនុស្សនិងស្ថាប័នលើកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនក្នុងចំណោមបណ្តាប្រទេសជាសមាជិក ជាពិសេសសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការនិងយុទ្ធសាស្រ្តដែលបានសម្រេច និងដាក់ចេញរួចហើយ។
៥)បន្តជំរុញស្មារតីនៃកិច្ចសហប្រតិបត្តិការមេគង្គក្នុងភាពជាដៃគូក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធជាមួយយន្តការថ្នាក់តំបន់ និងអន្តរជាតិឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពនៅអាងទន្លេមេគង្គ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសទន្លេមេគង្គទាំងអស់ និងជាមួយដៃគូមេគង្គដទៃៗទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ។ ទាំងអស់នេះគឺជាការទទួលខុសត្រូវសម្រាប់អនាគតនៃការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ប្រទេសនៃអាងទន្លេមេគង្គទាំងអស់ក្រោមពាក្យស្លោក «មេគង្គមួយ ស្មារតីតែមួយ» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ