ភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក អបអរសាទរ ការប្រកាសដាក់ឲ្យដំណើរការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ ។
សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖
«អបអរសាទរ ការប្រកាសដាក់ឲ្យដំណើរការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ
នៅព្រឹកមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឲ្យដំណើរការបណ្តោះអាសន្នហើយ នូវមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ដោយមានកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ ដោយបានអនុញ្ញាតឲ្យពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ខាងមុខ។
កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ ដោយមានកំពង់ផែចំនួន៦ទីតាំង ដំណើរការដោយកាណូតថ្មីចំនួន២គ្រឿង និងកាណូតមានស្រាប់ចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។
ឥឡូវនេះបងប្អូនអាចធ្វើដំណើរតាមផ្លូវទឹកនេះបាន ជាពិសេសគឺបានរួមចំណែកបញ្ជៀសការកកស្ទះចរាចរណ៍តាមផ្លួវគោក ដែលកំពុងមានភាពមមាញឹកជារៀងរាល់ថ្ងៃនេះ។
សូមជូនពរបងប្អូជនរួមជាតិ ទាំងក្នុង និងក្រៅ ប្រទេសជួបតែសេចក្តីសុខចម្រើនគ្រប់គ្នា» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ