ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែឆាយ ឈ្មួញឈើល្បីឈ្មោះជាង១០ឆ្នាំ នៅតែខ្លាំងក្នុងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ជាថៅកែរកស៊ីឈើល្បីឈ្មោះជាង១០ឆ្នាំមកហើយ​នៅខេត្តឧត្តរមានជ័យ ជាពិសេស​នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។ បុរសម្នាក់នោះឈ្មោះ ឆាយ ដែលនៅតែខ្លាំងរហូតដល់ពេលនេះ ។ ពេលនេះ គឺសមត្ថកិច្ច​ថ្នាក់ស្រុកបាននាំគ្នា​ចុះទៅប៉ុនប៉ងបង្ក្រាបប្រមូលយកឈើ​របស់​ឈ្មួញ ឆាយ ប៉ុន្តែ​ពេលទៅដល់ ក៏ស្រាប់តែមានអ្នកធំ​ទូរស័ព្ទ​ឲ្យត្រឡប់មកកាន់អង្គភាពវិញ ។ នេះបានហៅថា លោក ឆាយ ខ្លាំងមែន ។

លោក សរ ថាវី អភិបាលឧត្តរមានជ័យបានទទួលព័ត៌មានពីក្រុមអ្នកកាសែត​កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ អំពី​ការដែល​លោក ឆាយ កំពុងរៀបចំ​ឈើ​នាំចេញទៅក្រៅប្រទេស ។ គំនរឈើរាប់សិបម៉ែត្រគូប ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជារបស់ថៅកែ ឆាយ ។ ពេលទទួលបានព័ត៌មាននេះ លោកអភិបាលខេត្ត​ក៏បានបញ្ជាដល់អាជ្ញាធរស្រុក និងស្ថាប័នពាក់ព័ន្ធឲ្យចាត់វិធានការបង្ក្រាប ។

រដ្ឋបាលសាលាស្រុកត្រពាំងប្រាសាទបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងគោយន្តកន្ត្រៃ១២គ្រឿងទៅដល់គោលដៅបម្រុងដឹកប្រមូលឈើនោះយកមករក្សាទុក និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប៉ុន្តែនៅពេលទៅដល់ ត្រូវបាន​«ថ្នាក់លើ» បញ្ជឲ្យដកថយជាបន្ទាន់ ។ ទីបំផុតក​ម្លាំងរដ្ឋបាលស្រុកត្រពាំងប្រាសាទ ក៏បាននាំគ្នាជិះគោយន្តលបៗត្រឡប់មក​កន្លែងវិញ ។

លោកឆាយ ត្រូវបានសមត្ថកិច្ចនៅស្រុកអន្លង់វែង ក៏ដូចជាស្រុកត្រពាំងប្រាសាទនិយាយតៗគ្នាថា គាត់ជាឈ្មួញល្បីឈ្មោះ រកស៊ីឈើជាង១០ឆ្នាំមកហើយ ។ ភាពខ្លាំងរបស់លោកមិនសាបសូន្យនោះទេ គឺជាក់ស្តែងរហូតមកដល់ពេលនេះ លោកនៅតែមានឥទ្ធិពល​ដែលមានមន្ត្រីអ្នកធំពាក់ផ្កាយពេញស្មា នៅពីក្រោយខ្នងក្នុងរបររកស៊ីខុសច្បាប់នេះ ។

មន្ត្រីក៏ដូចជាប្រជាពលរដ្ឋនៅស្រុកទាំងពីរនេះនិយាយថា សព្វថ្ងៃនេះ ថៅកែឆាយ កំពុងប្រព្រឹត្តល្មើសក្នុងការកាប់បំផ្លាញព្រៃឈើនៅស្រុកត្រពាំងប្រាសាទ និងតំបន់ដែនជម្រកសត្វព្រៃគុលេនព្រហ្មទេព ។ គាត់អាចធ្វើអ្វីៗដែលជាធនធានរួមរបស់ខ្មែរដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបុគ្គលម្នាក់ ដោយសារតែមាន​អ្នកនៅកាងការពារពីក្រោយ ៕ ប៉ែន នួន


ចែករំលែក៖