ព័ត៌មានទាន់ហេតុការណ៍៖

បោកម៉ូតូពីស្រុកបាភ្នំមកសំងំនៅភ្នំពេញ ម្ចាស់ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តព្រៃវែង ៖ ម្ចាស់ម៉ូតូបានឃាត់ខ្លួនយុវជនម្នាក់បានឆបោកម៉ូតូរបស់គាត់ នៅស្រុកបាភ្នំ តាំងពីថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៨ ទើបតាមរកឃើញនៅរាជធានីភ្នំពេញ ក៏បញ្ជូនខ្លួនមកឲ្យសមត្ថកិច្ច ស្រុកបាភ្នំវិញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ចាត់ការតាមផ្លូវច្បាប់។

ជនរងគ្រោះ ឈ្មោះ សន សុង ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្ដៅកោង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែងប្ដឹងទៅលើឈ្មោះ អឿន អាម៉ី ភេទប្រុស អាយុ១៨ឆ្នាំ ភូមិឃុំជាមួយគ្នា បានឆបោកម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ផ្លាកលេខ ព្រៃវែង ១J-២៣១៣ ពីកូនរបស់គាត់ឈ្មោះ សុង ណូវែល ភេទប្រុស អាយុ១៨ឆ្នាំ កាលពីវេលាម៉ោងប្រហែល១រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សំ ណាត ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ខណៈដែលកូនរបស់គាត់ចេញពីសាលាទៅហូបបាយនៅផ្ទះរបស់ឈ្មោះ សំ ណាត និងមិត្តភក្តិបីនាក់ទៀត ។

ប្រភពបានបន្តថា ក្រោយពីហូបបាយជាមួយគ្នារួចឈ្មោះ អឿន អាម៉ី បានធ្វើល្បិចខ្ចីទូរស័ព្ទរបស់មិត្តភក្តិពីរនាក់ផ្សេងទៀត ដែលហូបបាយជាមួយគ្នា រួចក៏ដើរទៅកញ្ចុះមួយផ្សេងទៀត មួយសន្ទុះក្រោយមកឈ្មោះ អឿន អាមី ក៏ត្រឡប់មកខ្ចីម៉ូតូរបស់ឈ្មោះ សុង ណូវែល ដោយប្រើលេសថា មានគេផ្ញើលុយឲ្យតាមវីងត្រូវទៅដកនៅផ្សាឈើកាច់ ហើយឈ្មោះ សុង ណូវែង ក៏ព្រមឲ្យខ្ចី ស្រាប់តែបាត់រហូតតែម្តង។

លុះមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះតាមរកឃើញជនសង្ស័យនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ដកិច្ចប៉ុស្តិ៍ជើងភ្នំ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ដើម្បីដោះស្រាយតាមច្បាប់បន្ត ៕ សហការី


ចែករំលែក៖