ព័ត៌មានទាន់ហេតុការណ៍៖

នាយសង្កាត់ព្រៃឈើកោះសូទិន និងស្រីសន្ធរ រងការចោទប្រកាន់ថាបានជំរិតទារលុយពីអ្នករកស៊ីទូកដឹកគ្រួសបង្កប់ជំនៀរឈើ ១០០០$

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃសង្កាត់កោះសូទិន និងសង្កាត់ស្រីសន្ធរ បានរងការចោទប្រកាន់ពីក្រុមរកស៊ីដឹកគ្រួស បង្កប់ជនៀឈើ ថាបានជំរិតទារលុយចំនួន១.០០០ដុល្លារពី ពួកគាត់ កាលពីម៉ោង៥ល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចកំពង់ចម្លងថ្មីរបស់ភូមិ ជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនខេត្តកំពង់ចាម ។

ពួកគាត់បានបញ្ជាក់និងបានបង្ហាញឈ្មោះមន្រ្តីរដ្ឋបាលព្រៃឈើដែលបានគាបជំរិតទារ លុយពីពួកគាត់ ១-ឈ្មោះ សឿ និង២-ឈ្មោះ រិន ដែលមានអ្នកបញ្ជាពីលើឈ្មោះ ផល ។

ម្ចាស់ទូកដឹកគ្រួសឈ្មោះ ឈន អាយុ៦៧ឆ្នាំ រស់នៅខាងខេត្តក្រចេះ និងមានប្រពន្ធ កំពុងមានជំងឺប្រចាំកាយបានលើកឡើងថា ពួកគាត់រកបានត្រឹមតែចិញ្ចឹមក្រពះ ផ្គត់ផ្គង់ គ្រួសារបានមួយថ្ងៃកាត់មួយថ្ងៃកោប៉ុណ្ណោះ ។ ពួកគាត់បន្តថា ក្នុងការដឹកក្នុងមួយជើងៗ ចំណេញត្រឹមតែ២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលតែប៉ុណ្ណោះ ។ តែពេលនេះកុំថាឡើយ លុយចំណេញ សូម្បីតែរកលុយទិញប្រេងចាក់ម៉ាស៊ីនក៏គ្មានដែរ ។

សកម្មភាពរបស់មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កោះសូទិន និងសង្កាត់ស្រីសន្ធរ ត្រូវបានគេ មើលឃើញថា កំពុងគាបជំរិតទារលុយ ក្រោមក្រសែភ្នែកសំពះយំអង្វរពីពួកគាត់ ។ បើទោះយ៉ាងណា មន្ត្រីឈ្មោះ សឿ និងឈ្មោះ រិន នៅតែសម្រេចបំណងរបស់ខ្លួនជំរិតទារលុយទាល់តែបាន ។ រហូតដល់ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ដោយខ្លាចលោកមេព្រៃចាប់ទូកគាត់ ត្រូវបង្ខំចិត្តចងការប្រាក់គេយកលុយ១០០០ដុល្លារមកឲ្យមន្ត្រីជំនាញ ។ ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់កោះសូទិន និងសង្កាត់ស្រីសន្ធរបានអះអាងថា ក្រុមអ្នករកស៊ីដឹកទូកគ្រួសទាំងនេះ គឺបានលួចដឹកបង្កប់ជំនៀឈើនៅ ពីខាងក្រោម ដូច្នេះត្រូវតែពិនិត្យ ។

ពាក់ពន្ធ័ករណីបែបនេះ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម បានប្រាប់អង្គភាពនគរដ្រេហ្គនដូច្នេះថា ខាងកម្លាំងលោកដូចមិនបានធ្វើបែបនេះ លោកនឹងចុះធ្វើការតាមដានចំពោះករណីមួយនេះ ៕ វណ្ណៈ


ចែករំលែក៖