រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានបញ្ជាក់ថា រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ បានត្រៀមលក្ខណៈ សម្រាប់វិវាទ ពាណិជ្ជកម្មជាមួយចិន ដែលកាន់តែតានតឹងខ្លាំងឡើង។
សារព័ត៌មាន CNBC បានផ្សាយថា លោក Steven Mnuchinបានប្រកាសកាលពីថ្ងៃទី៦ ខែមេសាថា «គោលដៅរបស់យើង គីមិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មជាមួយចិននោះឡើយ ។ ប៉ុន្តែយើងបានប្រុងប្រយ័ត្នយ៉ាងខ្លាំង ក្នុងការដោះស្រាយ ហេតុការណ៍ទាំងនោះ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាចនឹងកើតឡើងគ្រប់ពេល» ។ លោក បន្តទៀតថា អាមេរិកបានទំនាក់ទំនងជាមួយចិន ប៉ុន្តែ លោកមិនបានបញ្ជាក់ពីកិច្ចពិភាក្សានោះឡើយ។
លោកSteven Mnuchinបន្តទៀតថា អាមេរិក បានចូលរួមយ៉ាងសកម្ម នៅក្នុង គម្រោង តម្លើងពន្ធ ជាមួយ ក្រសួង ពាណិជ្ជកម្ម ។ ភាពតានតឹងរវាងអាមេរិកនឹងចិន បានកើនឡើងខ្ពស់បំផុតនៅថ្ងៃទី ៦ខែមេសា នៅពេលដែលអាមេរិក តម្លើងពន្ធបន្ថែមរហូតដល់ទៅ១០០ពាន់លានដុល្លារអាមេរិក នូវទំនិញរបស់ចិន។
ភ្លាមៗនោះ ចិនក៏បានតម្លើងពន្ធ លើទំនិញអាមេរិក ១០៦ ប្រភេទផងដែរ ក្នុងនោះ មាន រថយន្ត យន្តហោះ សណ្តែក ជាដើម។
នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសត្រួតពិនិត្យ តម្លើងពន្ធ លើទំនិញចិនដែលមានតម្លៃរហូតដល់ ១០០ពាន់លានដុល្លារ ។ ការប្រកាសតម្លើងពន្ធគ្នាទៅវិញទៅមក របស់ មហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺមិនខុសអ្វី ពីការការចាប់ជំរិតគ្នានោះឡើយ ។ ប៉ុន្តែ អ្វីដែលគែចាប់អារម្មណ៍នោះ គឺការប្រកាសតម្លើង ពន្ធទាំងនោះមិនទាន់ចូលជាធរមាននៅ ឡើយ ។ ការប្រកាស តម្លើងពន្ធគ្នាទៅវិញទៅមក គឺដើម្បីជម្រុញឲ្យមានកិច្ចពិភាក្សាស្វែករកតុល្យភាពនៅក្នុងពាណិជ្ជកម្ម។
ក្រោយចិន ប្រកាសតបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងសេចក្តីប្រកាសថ្មីបំផុតបញ្ជាក់ថា «ទីក្រុងប៉េកាំង មិនកែកំហុសរបស់ខ្លួន បែរជាជ្រើសរើសបង្កឲ្យប៉ះពាល់ដល់កសិករអាមេរិកទៅវិញ»។ ដូច្នេះលោកត្រាំ បានបញ្ជាឲ្យក្រសួងពណិជ្ជកម្មត្រួតពិនិត្យ តម្លើងពន្ធទ្វេដងលើផលិតផលអាមេរិក ពី៥០ពាន់លានដុល្លារឡើងដល់១០០ពាន់លានដុល្លារ ៕ ម៉ែវ សាធី