ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាបើកឡានគេចម៉ូតូជ្រុលឡើងលើឃឿនផ្លូវបុកបង្គោលស្លាកសញ្ញាចរាចរណ៍កល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត Pirus គេចពីម៉ូតូនៅខាងមុខផុត តែក៏ជ្រុលឡើងលើឃឿនផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យបាក់កល់ជាប់រថយន្តទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ទនៈតេលា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីឲ្យដឹងថា ឃើញរថយន្ត Pirus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0798 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា តាមផ្លូវវេងស្រេង ពីលិចទៅកើត ស្រាប់តែគេចពីម៉ូតូនៅខាងមុខ ជ្រុលទៅឡើងឃឿនផ្លូវ បុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ហើយកល់ឡានជាប់ទៅមុខលែងរួច។

សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ រួចទាក់ទងទៅជំនាញចរាចរណ៍មកវាស់វែង រួចយករថយន្ត និងស្លាកសញ្ញាចរាចរណ៍ដែលខូចខាតនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖