ព័ត៌មានទាន់ហេតុការណ៍៖

ភឹម តារាវិបុល និងភិន សុដាលីស រំពឹងខ្លាំងក្នុងជំនួបទី៤រឿង”ម្ចាស់បំណុល”

ចែករំលែក៖

ភ្នំពែញ៖ ចាប់តាំងប្រឡូកក្នុងភាពយន្តដំបូងរឿង “អច្ឆរិយៈស្នេហ៍” អស់ ជិតមួយទសវត្សរ៍មកហើយនោះ ភិន សុដាលីស និង ភឹម តារាវិបុល ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ចាប់ដៃគ្នាសម្តែងរួមគ្នា លើកទី៤ក្នុងរឿង ម្ចាស់បំណុល នេះ ពួកគេនៅតែរំពឹងដូចគ្នាថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកម្មវិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តភាគរឿង “ម្ចាស់បំណុល” នៅ Hard Rock Cafe ។ ក្នុងនោះ ភឹម តារាវិបុល ជាតួឯកប្រុស នៃរឿងខាងលើ បានបញ្ជាក់ប្រាប់ថា ចាប់តាំងពីចូលប្រឡូកសិល្បៈរហូតមកដល់ពេលនេះ ខ្លួនបានសម្ដែងជាមួយអ្នកនាង ភិន សុដាលីស បានចំនួន៤រឿងមកហើយ មានដូចជារឿង “អច្ឆរិយៈស្នេហ៍” “ ឆ្អែតចិត្ត” “ខ្មោចទឹក” និងរឿងទី៤គឺ “ម្ចាស់បំណុល” ។

លោកថា ពួកយើងនៅតែចាប់ដៃគូសម្ដែងជាមួយគ្នា ហើយសម្រាប់ខ្ញុំវិញអារម្មណ៍ខ្ញុំជាមួយគាត់(ដាលីស) គឺនៅដដែលអត់បានផ្លាស់ប្ដូរនោះទេ នៅតែរក្សាភាពស្និទ្ធស្នាលចំពោះគ្នាជានិច្ច តែមិនមែនក្នុងន័យស្នេហាទេ”។

លោកថា៖” ពេលខ្ញុំសម្ដែងជាមួយដាលីសគឺពួកយើង សហការគ្នាបានល្អណាស់ហើយ ខ្ញុំសូមសរសើរគាត់មានភាពវៃឆ្លាតឆាប់ចាប់បានពិសេសប៉ារ៉ូលរឿងតែម្ដង” ។ លោករំពឹងថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពេលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN នៅពេលខាងមុខ ។

ចំណែកឯលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានលើកឡើងថា ខ្សែភាពយន្តភាគរឿង “ម្ចាស់បំណុល” ដែលកូនស្រីខ្លួន និង ភឹម តារាវិបុល ចាប់ដៃគ្នាសម្ដែងជាតួឯកគឺជាប្រភេទរឿងភាគបែបកម្សត់មនោសញ្ចេតនាស្នេហា អូនបងលាយឡំឈុតឌឺដងកាច់កុងគ្នារវាងតួឯកប្រុសនិងតួឯកស្រី ។

អគ្គនាយករូបនេះបន្តថា នេះគឺជាលើកទី២ ដែលមហាហង្ស និងទូរទស្សន៍ PNN បានសហការគ្នាផលិតរឿងភាគដាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ហើយរឿងទី១ ដែលពួកយើងសហការគ្នាគឺរឿង “បំភ្លេចមិនបាន” រឿងមួយហ្នឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់សម្រាប់រឿង “ម្ចាស់បំណុលនេះវិញ ខ្ញុំជឿជាក់ថា មានអ្នកគាំទ្រមិនចាញ់រឿងមុននោះទេ” ។

គួរបញ្ជាក់ដែរថា រឿង”ម្ចាស់បំណុល” មាន៤៦ភាគនឹងត្រូវដាក់បញ្ចាំងនៅទូរទស្សន៍ PNN នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីចូលឆ្នាំប្រពៃណីជាតិខ្មែររួចរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ ។ ចូលរួមសម្ដែង ដោយលោក ភឹម តារាវិបុល អ្នកនាង ភិន សុដាលីស លោក ថមមីដាវដាវីកា និងតារាសម្ដែងស្រី ប្រុសជាច្រើនរូបទៀត៕ វឌ្ឍនា


ចែករំលែក៖