ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះនាយ នាយរង អាវុធហត្ថចំនួន៨០រូបនៅខេត្តព្រៃវែង ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ រៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្ត​ តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០១៨ និងប្រកាសផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង អាវុធហត្ថទូទាំងខេត្តចំនួន៨០រូប ក្រោមអធិបតីភាព

លោកឧត្តមសេនីយ៍ត្រី​ ឈួន​ គឹមសាន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ។

លោកឧត្តមសេនីយ៍ត្រី​ ឈួន​ គឹមសាន​មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងបានមានប្រសាសន៍លើកឡើងអំពី​កិច្ចខិតខំប្រឹងប្រែង​របស់​នាយ នាយរង ក៏ដូចជាពលកងរាជអាវុធហត្ថ​ ដែលបានលះបង់កម្លាំងកាយចិត្ត គំនិតស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមភារកិច្ច និងតួនាទី នៅតាមបណ្តាថ្នាក់ស្រុក ក៏ដូចជានៅក្នុង​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងមូល ។ ក្នុងនោះ ជាលទ្ធផល កម្លាំងកងរាជអាវុធហត្ថរបស់យើង​បានដើរតួនាទី​យ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខជាតិ សុវត្ថិភាព សន្តិសុខសង្គម ជូន​ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជ​រដ្ឋាភិបាល ។ នាពេលថ្មីៗខាងមុខនេះ នៅខេត្តព្រៃវែងនឹងរៀបចំពិធីសង្ក្រាន្តព្រៃវែង ដែល​ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង ចាំបាច់កម្លាំងកងរាជអាវុធហត្ថ ក៏ត្រូវបានសហការជាមួយសមត្ថកិច្ចអាជ្ញាធរ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីធានាឲ្យបាន នូវ​សន្តិសុខជូនប្រជាពលរដ្ឋ ឲ្យគាត់មានឱកាសបានចូលរួមរីករាយសប្បាយ ទទួល​ទេវតាឆ្នាំថ្មី ក៏ដូចជា ការចូលរួមសប្បាយ បែបប្រពៃណីរបស់ជាតិគ្រប់ទីកន្លែង ៕ សុខ ខេមរា


ចែករំលែក៖