ខេត្តកំពង់ឆ្នាំង ៖ សត្វគោមេមួយក្បាលបានរត់ចូលរថយន្តពេលកំពុងបើកបរលើផ្លូវសាធារណៈ បណ្តាលឲ្យមេគោនោះងាប់ភ្លាមៗ ឯ រថយន្តមួយកំណាត់មុខ កាលពី រសៀលថ្ងៃ ចន្ទ ៩ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើង បង្កឡើងដោយមេគោមួយក្បាលរបស់ប្រជាពលរដ្ឋដែលម្ចាស់លែងឲ្យដើររហេតរហូតមិនបានយកចិត្តទុកដាក់មើលឲ្យបានត្រឹមត្រូវបានរត់ចូលរថយន្តម៉ាកតូយ៉ូតាអាល់ហ្វាត (TOYOTA Alphad) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ-2AR 1568 ខណៈកំពុងបើកបរក្នុងល្បឿនលឿនមធ្យមបណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខមួយចំហៀង។ ចំណែកមេគោបានងាប់ភ្លាមៗ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់រងរបួស ឬដល់អាយុជីវិតមនុស្សឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុករលាប្អៀរ បានចុះមកជួយធ្វើអន្តរាគមន៍ និងសម្រួលចរាចរណ៍ផងដែរ និងលើកយកខ្មោចគោដាក់លើរថយន្ត ដើម្បីស្វែងរកម្ចាស់ ឲ្យមកទទួលខុសត្រូវក្នុងករណីនេះ។
យ៉ាងណាក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះម្ចាស់រថយន្តមិនបានទាមទារឲ្យ ម្ចាស់គោ សងសំណងឬជួសជុលរថយន្តឡើយ តែបានសំណូមពរដល់ម្ចាស់គោ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតំបន់នោះមេត្តា យកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វគោដែលខ្លួនបានចិញ្ចឹម ដើម្បីកុំឲ្យដើររហេតរហូតបង្កគ្រោះថ្នាក់ដល់អ្នកដទៃដូចករណីនេះជាដើម៕ សហការី