ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករថយន្តដឹកដែកស្លាប់២នាក់នៅព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុដោយឡែករថយន្តដឹកដែកធន់ធ្ងន់១គ្រឿងបានធ្លាក់ចេញពីផ្លូវធ្លាក់ដែកសង្កត់លើជនរងគ្រោះស្លាប់នៅក្នុងប្រឡាយទឹកចំណែកអ្នកបើកបរគេចខ្លួនបាត់ ១៥ម៉ោងក្រោយកើតហេតុស្ទូចរថយន្តបាន ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំនុចផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រយៈពេល១៥ម៉ោងក្រោយកើតហេតុទើបស្ទូចយករថយន្តចេញបាននិងរើដែកចេញពីកន្លែងកើតហេតុ ។

ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាក Dream ពាក់ស្លាកលេខភ្នំពេញ 1CB-5769 មានឈ្មោះ ខាត់ ស្រីមុិច អាយុ១៩ឆ្នាំ ភេទស្រី ទីកន្លែងកំណើត ឃុំទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៤ ផ្លូវ២០A ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងឈ្មោះ ឈួន សុវណ្ណមុន្នី អាយុ ១៨ឆ្នាំ ភេទប្រុស ទីកន្លែងកំណើត ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្ន ភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

យោងតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផែនសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនៅព្រែកឯងរវាងរថយន្តដឹកដែកបុកគ្នាជាមួយអ្នកជិះម៉ូតូ បង្កឡើងដោយអ្នកជិះម៉ូតូបើកប្រជែងរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាពីតាខ្មៅទៅព្រែកឯង ស្របពេលនោះក៍មានរថយន្តដឹកដែកបើកមកដល់ក្នុងទិសដៅផ្ទុយគ្នាពីព្រែកឯងទៅតាខ្មៅ ។ ដោយជួបឧបសគ្គនៅពីមុខមិនអាចជៀសរួចក៍បុកគ្នាជាមួយអ្នកជិះម៉ូតូចំពីមុខពេញទំហឹងតែម្តងបណ្តាលអោយអ្នកជិះម៉ូតូទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុដោយឡែករថយន្តដឹកដែកធ្លាក់ចេញពីផ្លូវក្រឡាប់ចូលប្រឡាយទឹក ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកជិះម៉ូតូបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គរំលោភចូលមកចំណែកផ្លូវខាងរថយន្តដឹកដែក ។

បច្ចុប្បន្នរថយន្តនិងម៉ូតូដឹកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញចំណែកសាកសពប្រគល់អោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស


ចែករំលែក៖