ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើក កំពុងរង់ចាំអ្នកនៅសួនច្បារសម្តេច ហ៊ុន សែន

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ១៣ មេសា ២០១៨ ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ណាហ្គាវើលដ៍ និងសាលារាជធានីភ្នំពេញ នឹងផ្តល់ជូនដល់សាធារណជននូវភាពរីករាយចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ២២ មេសា ដែលមានការសម្តែងសិល្បៈវប្បធម៌ខ្មែរ ការប្រគំតន្ត្រី កម្មវិធីកម្សាន្តដែលចូលរួមសម្តែងដោយកំពូលសិល្បករ-សិល្បការិនីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការតុបតែងដោយពោងខ្យល់ធំៗជាច្រើននៅលើសួនច្បារសម្តេចហ៊ុន សែន នៅមុខណាហ្គាវើលដ៍ថែមទៀតផង ។

ព្រឹត្តិការណ៍ដែលរៀបចំដោយណាហ្គាវើលដ៍សហការជាមួយសាលារាជធានីភ្នំពេញដ៏អស្ចារ្យនេះ គឺជាព្រឹត្តិការណ៍ធំ និងប្លែកទីមួយក្នុងរាជធានីភ្នំពេញសម្រាប់ឲ្យសាធារណជនទទួលយកនូវភាពសប្បាយរីករាយមិនអាចបំភ្លេចបានជាមួយការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងពិធីបុណ្យជាតិប្រចាំឆ្នាំដែលប្រជាជនកម្ពុជាតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ។

ពិធីបើក “ព្រឹត្តិការណ៍ប្រគំតន្រ្តីអបអរបុណ្យចូលឆ្នាំថ្មី” នេះ ត្រូវបានចូលរួមជាអធិបតីដោយឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ណាហ្គាវើលដ៍ ។ រូបតុក្កតាពោងខ្យល់ធំៗជាច្រើន ត្រូវបានដាក់លម្អជាមួយអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញ ហើយនឹងត្រូវដាក់នៅលើសួនច្បារសម្តេច ហ៊ុន សែន ដើម្បីឲ្យពុកម៉ែបងប្អូនអាចថតរូបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិដើម្បីទុកជាអនុស្សាវរីយ៍ ។ រូបតុក្កតាពោងខ្យល់ធំៗដ៏ស្រស់ស្អាតទាំងអស់នោះ រួមមាន រូបសុនខដែលតំណាងឆ្នាំច បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗជាច្រើនទៀត ។

ក្នុងនោះ នឹងមានមហាព្រឹត្តិការណ៍ប្រគំតន្ត្រីចុងសប្តាហ៍ដ៏កក្រើកផងដែរដែលសម្តែងដោយកំពូលសិល្បករ-សិល្បការិនីប្រចាំព្រះរាជាណាចក្រកម្ពុជានៅសួនច្បារសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី ២០ ដល់ ២២ មេសា ពីម៉ោង ២ រសៀលដល់ ១១ យប់រៀងរាល់ថ្ងៃជាមួយការសម្តែងរបាំអប្សរា ក្រុមតន្ត្រីជាតិ និងអន្តរជាតិ និងអ្នកលេងសៀករហ័សកម្មជាដើម ។ នៅថ្ងៃសុក្រ ទី ២០ មេសា ចាប់ពីម៉ោង ៩ យប់ ពុកម៉ែបងប្អូនរបស់យើង នឹងបានរីករាយជាមួយកញ្ញា សុគន្ធ នីសា និង

លោក ខេមរៈ សិរីមន្ត ។ ចំណែកនៅរាត្រីថ្ងៃសៅរ៍ ពុកម៉ែបងប្អូនរបស់យើង នឹងបានកម្សាន្តជាមួយម្ចាស់ពាន The Voice Kids Cambodia កុមារា ពេជ្រ ថៃ ក្រុមក្មេងខ្មែរ និងកញ្ញា យូរី ។ ការប្រគំតន្ត្រីនៅរាត្រីចុងក្រោយ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី ២២ មេសា ដែលចូលរួមសម្តែងដោយលោក ជីដេវីដ ពេជ្រថៃ និងកូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ) ។ សូមនាំក្រុមគ្រួសារព្រមទាំងមិត្តភ័ក្តិរបស់អ្នកមកចូលរួមឲ្យបានគ្រប់ៗគ្នា! ទស្សនាដោយសេរី!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ៕ស តារា

ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ចូលរួមបើកកម្មវិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅសួនច្បារសម្តេច ហ៊ុន សែន

ថតរូបទុកជាអនុស្សាវរីយ៍ជាមួយរូបតុក្កតាសុនខដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំច

ទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យដោយសេរីចាប់ពីថ្ងៃទី ២០ ដល់ ២២ មេសា ម៉ោង ៩ យប់


ចែករំលែក៖