ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកជូនពរ កូរ៉ខាងជើង និងខាងត្បូង រួចផុតពីសង្គ្រាម៦៨ឆ្នាំ កន្លងមក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន លើកឡើងថា មន្ត្រីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងជើង បានជួបពិភាក្សាគ្នា ជាច្រើនលើកស្តីអំពីការត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាជាន់ខ្ពស់រវាងប្រធានាធិបតីអាមេរិក នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

សង្គ្រាម៦៨ឆ្នាំរវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូងអាចនឹងត្រូវបញ្ចប់ជាផ្លូវការនៅសប្តាហ៍ក្រោយ នៅពេលដែលមេដឹកនាំប្រទេសទាំងពីរចេញសេចក្តីប្រកាសរួមអំពាវនាវឲ្យមានសន្តិភាពនៅក្នុងតំបន់ ដោយមានការឯកភាពពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។

នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ កាលពីថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកបានយល់ព្រមជាមួយភាគីកូរ៉េខាងត្បូង ក្នុងការបញ្ចប់ សង្គ្រាម ដែលបានកើតឡើងតាំងពីឆ្នាំ១៩៥០ ។ អំពីបច្ចេកទេស គឺប្រទេសទាំងពីរ ស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាមដដែល ដោយគ្រាន់តែផ្អាក់ដោយកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ១៩៥៣ ។

លោកត្រាំ បានប្រកាសថា «ខ្ញុំសូមស្វាគមន៍ និងជូនពរដល់លទ្ធផល នៃកិច្ចពិភាក្សាបញ្ចប់សង្គ្រាម » ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការបញ្ចប់សង្គ្រាមនៅឧប្បទ្វីបកូរ៉េ អាចនឹងកើតឡើងក្រោយជំនួបពិភាក្សារវាងមេដឹកនាំ កូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ព្រមទាំងអាមេរិកនោះ ។ សន្ធិសញ្ញាសន្តិភាពគឺជាការចង់បានបំផុតរបស់កូរ៉េខាងជើង ដើម្បីបង្វែងពីស្ថានភាពសង្គ្រាមទៅកាន់សន្តិភាពវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច ។

សារព័ត៌មានស៊ីអិនអិន បានផ្សាយថា មន្ត្រីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងជើងទើបតែពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីត្រៀមលក្ខណៈដល់កិច្ចពិភាក្សាជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក នឹងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន។

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូ អាបេ បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាននៅតំបន់រម្មណីយដ្ឋាន Amr A Lago រដ្ឋ Florida ថា «យើងចាប់ផ្តើមពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើង និងជាកិច្ចពិភាក្សាជាន់ខ្ពស់ មិនធ្លាប់មាន» ។ តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា នៅពេលនេះ ភាគីទាំងពីរបានស្រាវជ្រាវទៅលើទីតាំង៥កន្លែងក្នុងការជ្រើសរើសសម្រាប់ជំនួបពិភាក្សាជាន់ខ្ពស់ ដែលត្រូវធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៨នេះ ។

នាយករដ្ឋមន្ត្រីជប៉ុនក៏បានសរសើរដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំដែលបានព្រមជួបពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងជើង ដើម្បីបញ្ចប់វិបត្តិនៅឧបទី្វបកូរ៉េឈានទៅដល់សន្តិភាព ។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា គោលដៅរបស់នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូ អាបេ ទស្សនកិច្ចទៅកាន់អាមេរិក គឺដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតី ត្រាំ បញ្ចប់នូវគោលជំហរតឹងតែងជាមួយកូរ៉េខាងជើងដើម្បីសន្តិភាពនៅក្នុងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖