ប៉ោយប៉ែត៖ នាងក្រមុំរូបស្រស់សោភាម្នាក់ បញ្ចប់ជីវិតដោយចងកក្នុងបន្ទប់ផ្ទះសំណាក់ ក្រោយពីខកខ្លួនលង់ស្នេហ៍លើប្រុសឥស្លាម តែម្តាយឱពុកខាងប្រុសបដិសេធន៍ស្នេហ៍ ព្រោះតែសាសនាខុសគ្នា ។
ករណីចងកធ្វើអត្តឃាតនេះ កើតឡើងកាលពីរសៀល ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះសំណាក់សុផលថាវី ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ជិន ពិសី អាយុ២៤ឆ្នាំ មុខរបរបម្រើការងារផ្នែកអនឡាញ នៅកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះចងកនឹងកន្សែងពោះគោ ទៅនឹងដែកវាំងនន បង្អួចនៃបន្ទប់លេខ49Eនៃផ្ទះសំណាក់ខាងលើ។
សមត្ថកិច្ចប្រាប់ថា ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន ។
បុរសជាឱពុកជនរងគ្រោះ ក៏ប្រាប់ដែរថា កូនស្រីរបស់គាត់មានវិបត្តិស្នេហ៍ជាមួយបុរសឥស្លាមម្នាក់ ជាអាជីវករប្តូរប្រាក់នៅក្រុងប៉ោយប៉ែត តែម្តាយឱពុកខាងប្រុសស្នេហ៍នាងបដិសេធន៍ស្នេហ៍ ព្រោះតែហេតុផលមួយ គឺសាសនាខុសគ្នា ទើបនាងបង្ខំចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដូច្នេះ។
ហ្វេសប៊ុករបស់ជនរងគ្រោះឈ្មោះជាអក្សអង់គ្លេស Pisey single សរសេរថា “មានពេលខ្លះ ចង់តែគិតខ្លី” ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ឡើយ ទីបំផុតនាងគិតខ្លីដោយចងកសម្លាប់ខ្លួនបានសម្រេចដូចការគ្រោងទុកមែន ។
ជុំវិញករណីនេះ ភាគីបុរសឥស្លាម មិនអាចទាក់ទងសុំការបំភ្លឺបកស្រាយបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ៕វណ្ណា