ខេត្តកណ្តាល៖ មានរឿងអាណោចអាធ័មមួយដែលគ្រួសារមួយជួបទុក្ខគ្រោះថ្នាក់ផ្ទួនៗ ដិតប្តីត្រូវរថយន្តបុកបាក់ឆ្អឹងជំនីបីកំណាត់ ខណៈដែលប្រពន្ធស្លាប់ក្នុងថ្ងៃតែមួយ ដោយរោគទឹកនោមផ្អែម។
តែអ្វីដែលអ្នកស្រុកអ្នកភូមិអាណិតសង្វេគចិត្តត្រង់ថា ជនរងគ្រោះបន្ដល់ទុកកូនតូចៗ៥នាក់ ដែលគ្មានផ្ទះសម្បែងជ្រកកោណ សព្វថ្ងៃរស់នៅជាមួយជីដូនមេម៉ាយ ដែលក្រខ្សត់ជាទីបំផុត។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាងបានឲ្យដឹងថា ប្រពន្ធដែលស្លាប់ឈ្មោះ ឆេង ឈុន អាយុ៤៣ឆ្នាំ ប្តីមានឈ្មោះ សួន រដ្ឋា អាយុ៤៨ឆ្នាំ លំនៅបច្ចុប្បន្ន ភូមិឈើទាល ឃំុព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពបានបន្តថា ប្រពន្ធដែលមានជំងឺទឹកនោមផ្អែម ដំបៅនៅជើង និងខ្នងឡើងរលួយដេកនៅកន្ទេលជាយូរខែថ្ងៃកន្លងមកហើយ ព្យាបាលពុំធូរស្បើយសោះ លុះថ្ងៃកើតហេតុ វេលាម៉ោង៥ល្ងាច ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ប្តីជិះមូតូទៅភ្នំពេញទិញជាតិអាកុលមកធ្វើថ្នាំព្យាបាល ប្រពន្ធ ស្រាប់តែជួបរឿងអកុសល ត្រូវរថយន្តទំនើបបុកបណ្តាលរងរបួសបាក់ឆ្អឹងជំនីបីកំណាត់ ។ ចំណែកប្រពន្ធដែលដេកនៅកន្ទេលគ្រាន់តែឮដំណឹងនេះភ្លាម ក៏រន្ធត់ចិត្តដាច់ខ្យល់ស្លាប់នៅថ្ងៃនោះតែម្តង។
ចំណែកប្តីដែលរងរបួសបាក់ឆ្អឹងជំនី កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគូវ៉ែត ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ហាក់ដូចមានអារម្មណ៍រវើរវាយអស់សង្ឃឹមក្នុងជីវិត ដោយបាត់បង់ប្រពន្ធជាទីស្រឡាញ់ ហើយខ្លួនគ្មា
នប្រាក់ព្យាបាលរបួសទៀត ។
ចំណែកកូនប្រុសតូចៗទាំង៥នាក់ ដែលមិនទាន់ចេះរកស៊ីអ្វីមិនដឹងជាទៅពឹងអ្នកណាទេ បើនៅតូចៗ មិនទាន់ចេះរកស៊ីអ្វីឡើយ ។
គួបញ្ជាក់ផងដែរថា បុរសដែលត្រូវរថយន្តបុកបាក់ឆ្អឹងជំនី៣កំណាត់បានសំណង៦០ម៉ឺនរៀលប៉ុណ្ណោះ ព្យាបាលមិនបានពីរថ្ងៃផង កំពុងជួបបញ្ហានៅក្នុងមន្ទីរពេទ្យឯកជន។
ជុំវិញរឿងសោកសៅខាងលើនេះ មានតែអំពាវនាវដល់សប្បុរសជន និងអាជ្ញាធរមូលដ្ឋានជួយសង្រោះក្រុមគ្រួសារគាត់ផង ៕ ឡូ សំអាត