ព័ត៌មានទាន់ហេតុការណ៍៖

បាញ់៣គ្រាប់នៅខណ្ឌដូនពេញបណ្តាលឲ្យជនបរទេសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញៈ ជនជាតិតួគីម្នាក់ឲ្យរងរបួសជើងទាំងសងខាង ខណៈខ្មាន់កាំភ្លើង​ម្នាក់មិន​ស្គាល់​អត្តសញ្ញាណ ​បាន​បើករថយន្តមក​ជិត ​រួចដកកាំភ្លើង​បាញ់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត២រំលងអាធ្រាតឈានចូលថ្ងៃ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលេខ៤៩ ស្ថិតក្នុង​ភូមិ​៨​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​។​

​​វរសេនីយ៍ឯក​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ អធិការ​នគរបាលខណ្ឌដូនពេញ​បានឲ្យដឹង​ថា​ កាលពីវេលាកើតហេតុខាងលើ មាន​ករណី​ផ្ទុះអាវុធ​ចំនួន៣​គ្រាប់​ បង្ក​ឡើង​ដោយ​ខ្មាន់កាំភ្លើងមិន​ស្គាល់​អត្តសញ្ញាណ​ បើកបររថយន្ត១គ្រឿង ​ម៉ាក​ LEXUS​ RX300 ពណ៌​ខ្មៅ ​មិនចាំស្លាក​លេខ ​ប្រើប្រាស់កាំភ្លើង​ខ្លី​មិន​ស្គាល់​ម៉ាក ​បានធ្វើសកម្មភាព​បាញ់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ​ TUNCER​ DALKA​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិតួគី ជាម្ចាស់ហាងយីហោ​មី​ស្ទ័​រ​មី​ឌី​ធី​រ៉េ​នី​ន​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ​ផ្លូវ​លេខ៤៩ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ បណ្តាលឲ្យរង​របួស​ជើង​ទាំង​សងខាង​ជាទម្ងន់។

​ប្រភពពត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ គេឃើញជន​រង​គ្រោះ​ដើរតាមបណ្តោយ​ផ្លូវ​លេខ​៤៩​ ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង។​ ខណៈមក​ដល់​ចំណុច​កើតហេតុស្រាប់តែ​មាន​រថយន្ត១គ្រឿងបើក​មក​​ពីក្រោយ រួចក៏ទាញកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស រួច​ក៏បើករថយន្ត​គេច​បាត់ស្រមោល​តែ​ម្តង​។

ក្រោយកើតហេតុភ្លាមៗ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋដឹកតាមរុឺម៉ក​ម៉ូតូ​ប​ញ្ជូ​ន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ដើម្បីព្យាបាលរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏ចុះទៅដល់​កន្លែង​កើតហេតុ ហើយបានរកឃើញសំបកកាំភ្លើង​បន្សល់​ទុក​នៅទីតាំងខាងលើចំនួន៣​គ្រាប់ និងបានយកទៅរក្សា​ទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ដើម្បីស្រាវជ្រាវរកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕ ជ្រោយពេជ្រ


ចែករំលែក៖