ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន អគ្គនាយកក្រុមហ៊ុន ម្នាក់តាមដីការបស់ លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី កំហែងយកប្រាក់ និង គំរាមកំហែងប្តឹងបរិហា។
យោងតាមប្រភពដដែលបាន បន្ថែមថា ជនសង្ស័យមានឈ្មោះ ទួន សុវណ្ណា ភេទប្រុស មុខរបរ អគ្គនាយក ក្រុមហ៊ុន ប្រតិបត្តិករឥណទានប្រសិទ្ធ មានទីលំនៅផ្ទះលេខ ៤៥អេហ្វ១ ផ្លូវវត្តអង្គតាមិញភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវវេងស្រេងម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីរងចាំចំណាត់ការរបស់លោក រៀល សុភិន ជាតំណាងអយ្យការកាន់សំណុំរឿង។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ លោក អ៊ុំ សុភក្តិ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ ជនសង្ស័យឈ្មោះ ទួន សុវណ្ណា និងបក្ខពួក ប្រុសស្រីចំនួន ០៣នាក់ ទៀត មានឈ្មោះ ឡេង វឌ្ឍនៈ ភេទប្រុស ទីលំនៅផ្ទះលេខ ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺ ពាក់ព័ន្ធ កំហែងយកប្រាក់ និង គំរាមកំហែងប្តឹងបរិហា។
ផ្អែកតាមការអះអាងរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានស្ត្រីម្នាក់វ័យ ៦១ឆ្នាំម្នាក់ បានដាក់ពាក្យប្តឹងជនសង្ស័យឈ្មោះ ទួនសុវណ្ណា និងបក្ខពួក ០៣នាក់ទៀត ដោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនសង្ស័យ និងបក្ខពួក បាននាំគ្នាទៅផ្ទះរបស់លោកស្រី ដោយនិយាយទៅកាន់លោកស្រីថា ពួកគេជាអគ្គនាយករបស់ ស្ថាប័នមីក្រូហិរញ្ញវត្ថុឈ្មោះ “ប្រតិបត្តិករឥណទានប្រសិទ្ធ”។
នៅថ្ងៃកើតហេតុនោះ ក្រុមជនសង្ស័យបានប្រាប់លោកស្រីថា កូូនប្រុសរបស់លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បានធ្វើជាអ្នកធានាឲ្យកូនបំណុលឈ្មោះ ហេង ម៉េងហ៊ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប្តី និងឈ្មោះ ចន ម៉ូលីន ភេទស្រី អាយុ ៣៨ឆ្នាំ ជាប្រពន្ធ និងកូនបំណុលម្នាក់ទៀតឈ្មោះ ហេង ឡាលីន ភេទប្រុស អាយុ ២៦ឆ្នាំ ដែលបានទៅខ្លីប្រាក់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ចំនួន សរុប ១២៣,០០០ ដុល្លារសហរដ្ឋអាមេរិក។
ក្រុមជនសង្ស័យបាន បង្គាប់ឱ្យដើមបណ្តឹងដែលជាម្តាយ របស់ឈ្មោះ ឡេង វិសិដ្ឋ ជាអ្នកជួយធានាបំណុលឱ្យ កូនបំណុល ៣នាក់ខាងលើ សងប្រាក់ ទាំងអស់ ទៅស្ថាប័ន ស្ថាប័នមីក្រូហិរញ្ញវត្ថុ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ជំនួស កូនបំណុល និងកូនប្រុសរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមជនសង្ស័យ នឹងប្តឹងបរិហា ដើមបណ្តឹង និងកូនប្រុសជាមិនខាន។
ដោយសារតែដើមបណ្តឹងជាម្តាយរបស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជាអ្នកជួយធានាបំណុលឲ្យអ្នក ដទៃ មិនបានដឹងរឿងអ្វីសោះ ប៉ុន្តែត្រូវក្រុមជនសង្ស័យទៅ គំរាមកំហែង និងគំរាមប្តឹង បែបនេះ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹង ក្រុមជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ឱ្យតែម្តងទៅ៕ អរុណរះ