ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុតំណាងដ៍ខ្ពង់ខ្ពស់ លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំក្រុមការងារចម្រុះ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់វុធ ចុះត្រួតពិនិត្យការចតរថយន្តធុនធ្ងន់ ធុនធំ ននៅលើដងវិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។
លោក ជាវ វិជ្ជាក់ បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យរថយន្តធុនធ្ងន់ ធុនធំ នាពេលនេះ គឺអនុវត្តទៅតាមលិខិតជូនដំណឹង(ស.ជ.ណ)របស់រដ្ឋបាល សាលាខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៧ ពាក់ព័ន្ធការហាមឃាត់រថយន្តធុនធ្ងន់ ធុនធំ ចតនៅលើដីចំណីផ្លូវ ទ្រូងផ្លូវវិថីផែ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យមានរបៀបរៀបរយ ។
លោកអភិបាលរងបានបន្តឲ្យដឹងទៀតថា ការអនុវត្តទៀតសោតយើងអនុវត្តទៅតាមយុទ្ធសាស្ត្រភ្លៀងរលឹម ជាពិសេសជាមួយអ្នកបើកបរបររថយន្តដឹកទំនិញធុនធ្ងន់ និងធុនធំ ដោយហេតុថា កការអនុវត្តតាមលិខិតខាងលើលើនាពេលកន្លងមក ហាក់បីដូចជាសកម្មភាពវែកចកដូចនេះហើយទើប យើងបន្តអនុវត្ត៣ថ្ងៃ ឬមួយអាទិត្យម្តងជាបន្តបន្ទាប់ ។
លោកបញ្ជាក់ទៀតថាថ្ងៃនេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមការងារគណៈបញ្ជាការឯកភាពខេត្តបានធ្វើការអប់រំំ ឬផាកពិន័យម្ដងរួចហើយៗប្រសិនបើរកឃើញថារថយន្តល្មើសបានធ្វើការអប់រំ និងទទួលការផាកពិន័យម្តងរួចមកហើយនោះ យើងនឹងពិន័យទ្វេរដង និងឃាត់រថយន្តទុកមួយរយៈព្រមទាំងដកយកប័ណ្ណអ្នកបើកបរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ៗថា កន្លងមករដ្ឋបាលខេត្ត បានធ្វើការជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអញ្ជើញពួកគាត់មកចូលរួមប្រជុំផ្សព្វផ្សាយនៅសាលាខេត្ត ជាមួយគ្នានោះលោកអភិបាលរងខេត្ត បានអំពាវនាវដល់ក្រុមហ៊ុនប្រកបអាជីវកម្មដឹកជញ្ជូនពិសេសអ្នកបើកបរត្រូវ ចូលរួមគោរពច្បាប់ចរាចរណ៍ គោរគោរពច្បាប់មន្ទីរ និងក្រសួងសាធារណការដឹកជញ្ជូនដែលបានកំណត់ និង គោរព តាមលិខិតជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលសាលាខេត្តអំពីការរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណ: ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថាកន្លងមកមន្ទីរបានធ្វើការផ្សព្វផ្សាយជូនដំណឹងទៅម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរថយន្តធុនធ្ងន់ ធុនធំ មិនអនុញ្ញាត្តិឲ្យចតរថយន្តនៅលើដងផ្លូវ ទ្រូងផ្លូវ សាធារណៈវិថីផែ ដែលជាហេតុធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍ ពិសេសជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅខាងមុខផែ ។ ជាមួយគ្នានេះផងដែរមន្ទីរក៏បានដាក់ស្លាកសញ្ញាហាមចតរថយន្តនៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែនៅតែមានរថយន្តធុនធំ ធុនធំ បន្តចតបំពានស្លាកសញ្ញាចរាចរណ៍នាំឲ្យខាតបង់ទៅលើការផាកពិន័យ_ ការឃាត់រថយន្តទុកខាតពេលវេលាក្នុងការដឹកជញ្ជូន និង.អាចប្រឈមគ្រោះថ្នាក់ចរាចរណ៍ និងឈានដល់កសាងសំណុំរឿងទៅសាលាដំបូងខេត្ត ។
លោកណុប ហេងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថាជាលទ្ធផលដែលគណៈបញ្ជាការឯកភាពខេត្តសម្រេចបាននៅក្នុងកិច្ចត្រួតពិនិត្យខាងលើយើងបានរកឃើញរថយន្តធុនធ្ងន់.ធុនធំ ដែលចតល្មើសច្បាប់ចំនួន០៩គ្រឿង កន្ទុយរ៉ឺម៉កសណ្តោងដែលអ្នកបើកបរដោះទុកចោលចំនួន០៦គ្រឿង ។
លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារគណៈបញ្ជាការឯកភាពខេត្តបានធ្វើកំណត់ហេតុរួចមក រថយន្ត និងកន្ទុយរ៉ឺម៉កសណ្តោងខាងលើត្រូវបាននាំយកទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ