ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ាណ ណាវី តំណាងលោក អូស្មាន ហាស្សាន់ នាំយកអំណោយសប្បុរសធម៌ចែកជូនសិស្សានុសិស្សក្រីក្រ១៦០នាក់ នៅកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ម៉ាណ ណាវី អគ្គហេរញ្ញិកសមាគម សម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងជាជំនួយការផ្ទាល់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹក នាំសមាជិក សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស យ ម ក) ថ្នាក់កណ្តាល សហការជាមួយសមាគមសម្ព័ន្ធយុវជន ខេត្តកំពង់ឆ្នាំង មកជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនសាសនិកខ្មែរអ៊ិស្លាម និងនាំយកអំណោយ សប្បុរសធម៌របស់សមាគមប្រទេសម៉ាឡេស៊ី មកប្រគល់ជូនដល់វិហារអ៊ិស្លាមនៅភូមិចុងកោះ ស្ថិតក្នុងទីរួមខេត្តកំពង់ឆ្នាំង កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

លោកស្រី ម៉ាណ ណាវី បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅឲ្យក្មួយៗប្អូនៗបានចូលរៀនសូត្រគ្រប់កម្រិតភាសាជំនឿ ដោយមិនប្រកាន់ពូជសាស្ដ្រអ្វីឡើយ។ ដូច្នេះសូមបងប្អូនដែលកំពុងរស់នៅសហគមន៍ខ្មែរអ៊ិស្លាម ក្រោមដំបូលសន្ដិភាពទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូរ ចេះសាមគី្គភាព និងចេះជួយយកអាសាគ្នាពេលមានអាសន្នដោយប្រការផ្សេងៗ។

លោក ម៉ាណ ណាវី បានរំលឹកប្រាប់ដល់ក្មួយៗថា កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៍សាស្ដ្រអ្វីឡើយ។ មិនតែប៉ុណ្ណោះបានផ្ដល់ភាពកក់ក្ដៅឲ្យក្មួយៗប្អូនៗ បានចូលរៀនសូត្រគ្រប់កម្រិតភាសាជំនឿ ដោយមិនប្រកាន់ពូជសាស្ដ្រអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយទាំងនេះទទួលបានការឧបត្ថម្ភពី សំណាក់ Dato Paduka Dr.Ibrahim Ali ប្រធានសមាគម PERKASA ម៉ាឡេស៊ី រួមមានកម្រាលព្រំសឡាត៍ ២៥៥ ម៉ែត្រការ៉េ, មេក្រូ១ឈុត និងអំណោយជាសម្ភារសិក្សា សម្រាប់ សិស្សានុសិស្សក្រីក្រ១៦០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារសិក្សាមួយឈុត និងថវិកាចំនួន២០.០០០រៀល ឧបត្ថម្ភលោកគ្រូម្នាក់ និងលោកមេភូមិក្នុងម្នាក់ៗ ទទួលបាន២០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភយុវជន CMYA ខេត្តកំពង់ឆ្នាំង ថវិកា៣០ម៉ឺនរៀលផងដែរ៕ សំរិត


ចែករំលែក៖