ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចាប់​ព្រឹក​ តុលាការ​​ដោះលែង​ល្ងាច​ ,​ អគ្គនាយក​មីក្រូហិរញ្ញវត្ថុ​ប្រសិទ្ធ​ គំរាម​ទារ​ប្រាក់​អ្នក​ដទៃ​ តែ​គ្មាន​ទោស

ចែករំលែក៖

ភ្នំពេញ​៖នគរបាល​ បញ្ជាក់​ថា​ លោក​ រៀល​ សុភិន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​ដោះលែង​បុរស​ម្នាក់​ជា​អគ្គនាយក​មីក្រូហិរញ្ញវត្ថុ​ ប្រតិបត្តិករឥណទានប្រសិទ្ធ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ដោយ​សំអាងថា​ គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ ។ ជនសង្ស័យ​ទើប​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មេសា​ តែ​ពេល​បញ្ជូន​មក​តុលាការ​ភ្លាម​ តុលាការ​ដោះលែង​ភ្លាម​ ។

ជនសង្ស័យដែលព្រះរាជអាជ្ញារង​ដោះលែង​ឱ្យ​មានសេរីភាពវិញមានឈ្មោះ ទួន សុវណ្ណា ភេទប្រុស មុខរបរ អគ្គនាយក មីក្រូហិរញ្ញវត្ថុ​ ប្រតិបត្តិករឥណទានប្រសិទ្ធ មានទីលំនៅផ្ទះលេខ ៤៥អេហ្វ១ ផ្លូវវត្តអង្គតាមិញភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវវេងស្រេងម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ ជនសង្ស័យឈ្មោះ ទួន សុវណ្ណា និងបក្ខពួក ប្រុសស្រីចំនួន៣នាក់ ទៀត មានឈ្មោះ ឡេង វឌ្ឍនៈ ភេទប្រុស ទីលំនៅផ្ទះលេខ ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺ ពាក់ព័ន្ធ កំហែងយកប្រាក់ និង គំរាមកំហែងប្តឹងបរិហា។

រឿងក្ដីនេះជាប់ពាក់ព័ន្ធកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានស្ត្រីម្នាក់វ័យ ៦១ឆ្នាំម្នាក់ បានដាក់ពាក្យប្តឹងជនសង្ស័យឈ្មោះ ទួនសុវណ្ណា និងបក្ខពួក ០៣នាក់ទៀត ដោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនសង្ស័យ និងបក្ខពួក បាននាំគ្នាទៅផ្ទះរបស់លោកស្រី ដោយនិយាយទៅកាន់លោកស្រីថា ពួកគេជាអគ្គនាយករបស់ ស្ថាប័នមីក្រូហិរញ្ញវត្ថុឈ្មោះ ប្រតិបត្តិករឥណទានប្រសិទ្ធ ។

នៅថ្ងៃកើតហេតុនោះ ក្រុមជនសង្ស័យបានប្រាប់លោកស្រីថា កូូនប្រុសរបស់លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បានធ្វើជាអ្នកធានាឲ្យកូនបំណុលឈ្មោះ ហេង ម៉េងហ៊ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប្តី និងឈ្មោះ ចន ម៉ូលីន ភេទស្រី អាយុ ៣៨ឆ្នាំ ជាប្រពន្ធ និងកូនបំណុលម្នាក់ទៀតឈ្មោះ ហេង ឡាលីន ភេទប្រុស អាយុ ២៦ឆ្នាំ ដែលបានទៅខ្លីប្រាក់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានប្រសិទ្ធចំនួន សរុប ១២៣,០០០ ដុល្លារសហរដ្ឋអាមេរិក។

ជនសង្ស័យបាន បង្គាប់ឱ្យដើមបណ្តឹងដែលជាម្តាយ របស់ឈ្មោះ ឡេង វិសិដ្ឋ ជាអ្នកជួយធានាបំណុលឱ្យ កូនបំណុល ៣នាក់ខាងលើ សងប្រាក់ ទាំងអស់ ទៅស្ថាប័ន ស្ថាប័នមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានប្រសិទ្ធជំនួស កូនបំណុល និងកូនប្រុសរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមជនសង្ស័យ នឹងប្តឹងបរិហា ដើមបណ្តឹង និងកូនប្រុសជាមិនខាន។

ដោយសារតែដើមបណ្តឹងជាម្តាយរបស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជាអ្នកជួយធានាបំណុលឲ្យអ្នក ដទៃ មិនបានដឹងរឿងអ្វីសោះ ប៉ុន្តែត្រូវក្រុមជនសង្ស័យទៅ គំរាមកំហែង និងគំរាមប្តឹង បែបនេះ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹង ក្រុមជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ឱ្យតែម្តងទៅ តើរឿងនេះវាខុសត្រូវយ៉ាងមុិច ៕ ចេស្តា


ចែករំលែក៖