ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានអះអាង ប្អូនប្រុសចិត្តស្រាលម្នាក់សម្រេចចងព្យួរកធ្វើអត្តឃាតបានសម្រេចនៅក្នុងផ្ទះ ខណៈដែលគ្រាន់តែបងប្រុសស្ដីបន្ទោសរឿងដើរលេងយប់មិនចេះក្រែងចិត្តឪពុកម្ដាយសោះ។
ករណីធ្វើអត្តឃាតខាងលើបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្ទះឈើ ១ខ្នង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយសារចងព្យួរកធ្វើអត្តឃាតត្រូវបានគេស្គាល់ឈ្មោះ ផេង សុខជា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ និងបងប្អូនបង្កើតផងដែរ។
ប្រភពខាងលើបន្តទៀតថា ជនរងគ្រោះបានយកខ្សែនីឡុងពណ៌សចងព្យួរកភ្ជាប់ទៅនឹងធ្នឹមផ្ទះផ្នែកខាងលើ ដែលករណីនេះគេសង្ស័យ និងអាចសន្ថិដ្ឋានបានថា អាចបណ្ដាលមកពីអាក់អន់ចិត្តនឹងបងប្រុស នៅគ្រាដែលបងប្រុសបង្កើតស្ដីបន្ទោសបន្តិបន្តួចរឿងដើរលេងពេលយប់ជ្រៅមិនចេះខ្លាចក្រែងចិត្តឪពុកម្ដាយ នេះបើយោងតាមការស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចរួចមក ហើយក៏បានធ្វើកំណត់ហេតុត្រឹមត្រូវដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន