ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តចេញពីបុរីចំការមន ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យបោលផ្ទប់ និងរថយន្តរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបុរីចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ 7800 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហុីឡុច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2B 8886 បើកបរដោយបុរសជនជាតិចិនម្នាក់ និង២នាក់ទៀតរួមដំណើរជាមួយ បើកចេញពីក្នុងបុរីចំការមន ហើយបានបើកឆ្លងផ្លូវទៅកើតបំណងបត់ទៅជើងដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យភ្លាមៗក្រោយមកសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងសម្របសម្រួលដោយភាគីខាងម៉ូតូមានបងប្អូនមកតំណាងហើយភាគីខាងរថយន្តក៏ចេញថ្លៃព្យាបាលទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ