ភ្នំពេញ៖ ផលិតកម្មបាដិហារ្យភាពយន្ត បានប្រកាសសម្ពោធចាក់បញ្ចាំងភាពយន្ត បែបវាយតប់របស់ខ្លួនហើយកាលពីរាត្រី ថ្ងៃទី២៤ ខែមេសានេះ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបសូរិយាបន្ទាប់ពីឆ្លងកាត់ឧបសគ្គនៃការផលិតអស់ជាច្រើនខែ ។
ថ្លែងបញ្ជាក់ក្នុងកម្មវិធីសម្ពោធខាងលើ លោក ស៊ុម ភារិន អគ្គនាយកផលិតកម្ម បាដិហារ្យបានលើកឡើងថា ទម្រាំបានភាពយន្តរឿង”009” នេះចាក់បញ្ចាំងលោកបានជម្នះ និងតស៊ូក្នុងការផលិតកម្ម ។ តស៊ូព្រោះតែការប្រឈមនឹងការលំបាកមួយចំនួនទាំងការចេញថតនៅតំបន់ឆ្ងាយៗ ក្តៅ រងារ បាយមិនត្រង់មាត់ ខ្វាយខ្វល់នឹងបញ្ហាបច្ចេកទេស ការគោរពពេលវេលារបស់តារាសម្តែង .ល. ។ អ្វីដែលកាន់តែប្រឈមគឺបញ្ហានៃការរ៉ាប់រងបន្ទុកបង់ពន្ធ ក្រាស់ក្រែងទៀត ។
លោកថា ដើម្បីឲ្យខ្សែភាពយន្តកាន់តែល្អនៅកម្ពុជាទាល់តែម្នាក់ៗមានមនោសញ្ចេតនា និងបេះដូងក្រមសីលធម៌ល្អ និងគោរពវិន័យ ហើយបើគ្មានទេទោះបីមួយរឿងចំណេញ ៥ម៉ឺនដុល្លារទៅ១០ឬ២០ម៉ឺនដុល្លារក៏លោកមិនសហការជាមួយដែរ ។ លោកក៏អរគុណដល់តួឯកប្រុសស្រីលោកសេម និងកញ្ញាអៀម៉ីលិហៅអូនម៉ី ដែលខិតខំសម្តែងគោរពយកសំដីណែនាំដើម្បីឲ្យរឿង”០០៩”បានល្អចាក់បញ្ចាំងនៅពេលនេះ ។
ចាងហ្វាងផលិតកម្មរូបនេះបន្តថាផលិតករទាំងអស់កំពុងបារម្ភព្រោះបច្ចុប្បន្ន កំពុងលំបាកបាយមិនត្រង់មាត់ប៉ុន្តែបែរជាប្រឈមនឹងការដាក់បន្ទុកយកពន្ឋទៅវិញ ។ លោកថាអ្នកដែលទប់បានគាត់ធ្វើទៅមុខអ្នកទប់អត់បានពិតជាត្រឡប់ទៅធ្វើស្រែវិញ ។
តារាសម្តែងប្រុសស្រីលេចធ្លោរក្នុងភាពយន្តនេះលោក សេម និងកញ្ញា ម៉ីលិ លើកឡើងស្រដៀងគ្នាថា សិល្បករ ផលិតករបានខិតខំខ្លាំងដើម្បីសហការផលិតរឿង ដែលមានគុណភាព ទោះបីឆ្លងកាត់ការលំបាកជាច្រើនក្តី ។ ពួកគេស្នើឲ្យមហាជនបន្តជួយលើកទឹកចិត្ត គាំទ្រស្នាដៃភាពយន្តខ្មែរដើម្បីជាការលើកកម្ពស់មុខមាត់ភាពយន្តជាតិ និងជំរុញឲ្យភាពយន្តខ្មែរកាន់តែមានគុណភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស ៕ វឌ្ឍនា