ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធក្នុងករណីហឹង្សាក្នុងគ្រួសារប្រព្រិត្តឡើងដោយនិតិសង្វះវាយ និងចាប់កាច់ដៃ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក បុិច សុីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា ជនសង្ស័យបង្កឈ្មោះ អឿន សុធា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសុីឈ្នួលធ្វើម្ហូប រស់នៅភូមិ.សង្កត់កើតហេតុខាងលើ ហើយបានធ្វើសកម្មភាពវាយ និងចាប់កាច់ដៃប្រពន្ធ បណ្ដាលឲ្យបែកជាំមុខផ្នែកខាងស្ដាំ និងបាក់កដៃខាងស្ដាំផងដែរ ។
លោកអនុសេនីយ៍ឯកបន្តថា ស្រ្តីរងរបួសជាប្រពន្ធឈ្មោះ ប្រាំង សារ៉ា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បានរងរបួសយ៉ាងធ្ងន់ធ្ងរដូចបានរាបរប់ខាងលើ ក្រោយកើតហេតុត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ ។
លោក បន្តទៀតថា ចំពោះបុរសជាប្ដីជនសង្ស័យដៃដល់ រួមទាំងកាំភ្លើងកែច្នៃ (ស្នប់)ចំនួន ១ដើមដែលជារបស់ខ្លួនបាននាំយកមកបន្តនីតិវិធី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដើម្បីបំពេញសំណំបែបបទឯកសារពាក់ព័ន្ធនានា បញ្ជូនទៅចាត់ការបន្តនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ ប៉ឹម ពិន