ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបាក់ជើងខាងស្ដាំធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសបែកលើចិញ្ចើម ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកបរមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូបញ្ច្រាសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលទាំងយប់វេលាម៉ោង៩ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លើផ្លូវលេខ៣១៥ ស្ថិតនៅក្នុងភូមិ សួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា អ្នកជិះម៉ូតូបង្កហេតុម៉ាក RSX ពណ៌ក្រហមលាយ.ខ្មៅ ពាក់ស្លាកលេខ រដ្ឋ.16.1.1221 បើកបរដោយឈ្មោះ រាជ សុផាន្នី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរមន្រ្តីរាជការ រស់នៅភូមិអណ្តូងឫស្សី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង របួសធ្ងន់ បាក់ជើងខាងស្ដាំសន្លប់នឹងកន្លែង ។
ប្រភពបន្តថា ចំពោះភាគីរងគ្រោះមានឈ្មោះអ៊ុយ វឌ្ជ្បនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្រូកីឡា នៅវិទ្យាល័យហ៊ុនសែនចេក រស់នៅភូមិអណ្តូងឫស្សី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខណៈជិះម៉ូតូម៉ាក ហុងដា វេវ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ វៀតណាម 70 .C1.090.70។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាក R.SXបើកបរពីត្បូងមកជើងមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿងទៀតទិសដៅបញ្ច្រាសគ្នា ពីជើងមកត្បូងយ៉ាងពេញទំហឹង ។ ក្រោយមកប្រមាណ១៥នាទី សមត្ថកិច្ចមូលដ្ឋានបានមកដល់ជួយសង្គ្រោះដឹកអ្នករងរបួសមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយវាស់វែងរួចយកវត្ថុតាងម៉ូតូទាំង២គ្រឿងមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់៕ យឹម សុថាន