ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មទ្រង់ទ្រាយធំប្រឆាំងសភាជ្រើសរើសអតីតប្រធានាធិបតីធ្វើជានាយករដ្ឋមន្ត្រី

ចែករំលែក៖

បាតុកម្មប្រឆាំងនឹងអតីតប្រធានាធិបតី Armenia លោក Sargsyan បន្តរក្សាតំណែងដឹកនាំប្រទេសជាតិ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ នៅពេលដែលទាហានចូលរួមធ្វើបាតុកម្ម។ នៅពេលនេះ បើមិនមានវិធីសាស្ត្រដោះស្រាយឲ្យបានសមស្របទេនោះ រដ្ឋាភិបាលនឹងជួបនូវឧបស័គ្គ។

កាលពីថ្ងៃទី២៣ ខែមេសា កម្លាំងទាហានរាប់សិបនាក់ក៏បានចូលរួមធ្វើបាតុកម្មនៅទីក្រុង Erevan ដើម្បីប្រឆាំងនឹងសភា Armenia ដែលបានបោះឆ្នោតគាំទ្រ អតីតប្រធានាធិបតី Serzh Sargsyan ធ្វើជានាយករដ្ឋមន្ត្រី។

ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់កំពុងតែបម្រើការនៅក្នុងជួរកងទ័ព ប៉ុន្តែពួកគាត់មិនបានបញ្ជាក់ថា អាវុធដែលយកទៅជាមួយនោះគឺជារបស់យោធាដែរឬយ៉ាងណានោះទេ ប៉ុន្តែក្រសួងការពារជាតិបានថ្កោលទោសដល់យោធាដែលចូលរួមធ្វើបាតុកម្មគាំទ្រក្រុមប្រឆាំង ដោយសន្យាថា នឹងមានវិធានការដាក់ទោសទាហានដែលបានចាកចេញពីអង្គភាពដោយគ្មានការអនុញ្ញាតចូលរួមធ្វើបាតុកម្ម។ តាមច្បាប់កម្លាំងយោធាត្រូវហាមប្រាមចូលរួមនៅក្នុងឆាកនយោបាយ។

បាតុកម្មនេះធ្វើឡើងដោយក្រុមសង្គមស៊ីវិល និងក្រុមយុវជនមកពីមហាវិទ្យាល័យ Erevan ។ នៅពេលនេះ ក្រុមបាតុករមិនមានមេដឹកនាំច្បាស់លាស់នោះឡើយ។ កាលពីថ្ងៃទី២១ ខែមេសា មានមេដឹកនាំបាតុករ២រូប គឺលោក Armen Grigoryan និង David Sanasaryan ត្រូវបានចាប់ឃុំខ្លួន។ បន្ទាប់មកក៏មានមេដឹកនាំបាតុករ៣រូបទៀត ត្រូវបានចាប់ខ្លួនផងដែរ។ ទាំងនោះហើយ បានធ្វើឲ្យបាតុកម្មគ្មានមេដឹកនាំ។

ដោយសារតែបាតុកម្មអូសបន្លាយជាច្រើនថ្ងៃ ធ្វើឲ្យជាប់គាំងនយោបាយ ទើបកាលពីថ្ងៃទី២៣ ខែមេសា នាយករដ្ឋមន្ត្រី Armenia លោក Serzh Sargsyan ក៏បានសម្រេចប្រកាសលាលែងចេញពីតំណែង។ ការលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីនេះ ដោយសារតែមានសម្ពាធពីពលរដ្ឋ។ រដ្ឋាភិបាល Armenia ត្រូវបានប្រគល់ទៅឲ្យឧបនាយករដ្ឋមន្ត្រីដឹកនាំបន្ត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែមេសា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ និងគោរពសិទ្ធិមនុស្សនៅ Armenia ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ៕ ម៉ែវ សាធី


ចែករំលែក៖