អាជ្ញាធរបានថ្លែងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស១៨ នាក់បានស្លាប់ និងមនុស្ស៤០នាក់ទៀតរងរបួសនៅក្នុងការឆាបឆេះដ៏ធំមួយស្ថិតនៅអណ្តូងខួងប្រេងខុសច្បាប់មួយកន្លែង នៅក្នុងប្រទេសឥណ្ឌូណេស៊ី ។
ភ្លើងបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋ និងដើមឈើ ខណៈដែលក្រុមពន្លត់អគ្គិភ័យបាននិងព្យាយាមគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់ ហើយអ្នកភូមិគ្មានអ្វីក្រៅតែពីនាំឈរមើលប៉ុណ្ណោះ ។ នេះបើតាមវីដេអូបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី ។
ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងកំពុងប្រមូលទិន្នន័យស្តីពីចំនួនជនរងគ្រោះ ខណៈដែលភ្លើងឆេះ នៅមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ” ។
អគ្គិភ័យបានឆេះនៅវេលាម៉ោង១និង៣០នាទីព្រឹក (ម៉ោងនៅប្រទេសសិង្ហបុរី) នៅតំបន់ដែលមានលំនៅដ្ឋានច្រើន នៃខេត្ត Aceh កោះស៊ូម៉ាត្រា ពេលដែលអណ្តូងប្រេងមានជម្រៅប្រហែល២៥០ម៉ែត្រ មានហៀរប្រេងចេញ ហើយប្រជាជនប្រមូលផ្តុំគ្នាទៅដងយកប្រេងទាំងនោះ ។
ភ្នាក់ងារនេះបានបន្តថា មនុស្សរាប់សិបនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងខេត្ត Banda Aceh ដែលមានរយៈពេលជាច្រើនម៉ោងទម្រាំតែទៅដល់មន្ទីរពេទ្យ។ ទីភ្នាក់ងារនេះបានបន្ថែមថា ក្រុមហ៊ុនប្រេងរដ្ឋ Pertamina បានផ្តល់ឧបករណ៍ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងគ្រោះអគ្គីភ័យខាងលើនេះដែរ។
អ្នកនាំពាក្យរបស់ស្នងការប៉ូលិសជាតិ Setyo Wasisto បានថ្លែងថា: «មានក្រុមមនុស្សដើរជីកអណ្តូងចាស់ៗ ប៉ុន្តែភ្លាមៗនេះ ស្រាប់តែមានភ្លើងឆេះខ្លាំង និងផ្ទុះឡើងតែម្តង» ។
ប៉ូលិសបានថ្លែងថា ជនរងគ្រោះបាននាំគ្នាទៅដងប្រេងពីជុំវិញមាត់អណ្តូងមួយនោះ នៅពេលដែលមានអគ្គិភ័យនេះកើតឡើង។
យ៉ាងហោចណាស់មានរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ត្រូវបានគេដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះមួយនេះ។
ស្នងការប៉ូលិសនៅក្នុងតំបន់នេះបានថ្លែងថា អណ្តូងប្រេងអាចត្រូវបានខួងដោយខុសច្បាប់ ហើយភ្លើងអាចត្រូវបានចាប់ផ្តើមនៅពេលមាននរណាម្នាក់ជក់បារី ។
មន្ត្រីប៉ូលិស លោក Wahyu Kuncoro បានថ្លែងថា “យើងសង្ស័យថា មានការលួចខួងប្រេងពីសហគមន៍ ហើយមាននរណាម្នាក់ជក់បារីនៅក្នុងអំឡុងពេលនោះតែម្តង” ។
អ្នកនាំពាក្យប៉ូលិស Wasisto បានបន្ថែមថា “មានមនុស្សជាច្រើននៅទីនោះ ដែលចេះជក់បារី។
លោកបានមានប្រសាសន៍ថា “វាជាភូមិមួយដែលមានមនុស្សជាច្រើននាំគ្នាស្ទុះទៅយកប្រេង មានហ្វូងមនុស្សច្រើននៅពេលនោះ ។
ទីក្រុង East Aceh មានចំណុចតូចៗជាច្រើននៃសកម្មភាពខួងប្រេង ដែលជាកម្មសិទ្ធិរបស់អ្នកភូមិ ។
ទោះបីជាអាជ្ញាធរបាននិយាយថា ប្រតិបត្តិការនេះគឺខុសច្បាប់ក៏ដោយ ក៏អគ្គីភ័យបណ្តាលឲ្យស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងតែកើតឡើងជាបន្តបន្ទាប់ ។ ប្រទេសនេះមានប្រជាជនច្រើនជាង២៦០លាននាក់ ហើយបទបញ្ជាស្តីអំពីសុវត្ថិភាពតែងតែត្រូវបានបំពាន។
កាលពីខែតុលា ឆ្នាំ២០១៧ មនុស្ស៤៧នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យបានឆេះរោងចក្រផលិតកាំជ្រួច ស្ថិតនៅខាងក្រៅទីក្រុង ហ្សាការតា។
សុវត្ថិភាពការងារនៅកន្លែងធ្វើការ តែងតែមានបញ្ហានៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក៏មានការព្រួយបារម្ភអំពីស្តង់ដារសំណង់អគារផងដែរ ។
ឆ្នាំនេះ ទីក្រុង Jakarta បានផ្អាកបណ្តោះអាសន្នគម្រោងដឹកជញ្ផូនទាំងអស់ បន្ទាប់ពីមានឧប្បត្តិហេតុសំខាន់ៗជាច្រើនបានបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។
សេចក្តីបង្គាប់នេះបានកើតឡើងបន្ទាប់ពីការដួលរលំនៃរង្គសាលនៅអគារផ្សារភាគហ៊ុនហ្សាការតា ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស ៕ ថាច់ យ៉ាត