ប្រទេសថៃ៖ ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា ទាហានថៃនៃ កងអនុសេនាធំលេខ៥៤៥ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ រួមជាមួយម៉ាស៊ីនអារឈើ ១គ្រឿងដែលពួកគេបម្រុងឆ្លងដែនលួចកាប់ឈើខុស ច្បាប់ នៅចំណុចចំការស្វាយ (បាងផាកាតចាស់) ចន្លោះបង្គោលសីមាលេខ ៦៧-៦៨ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ៥នាក់ រួមមាន៖ ១-ឈ្មោះ សួន ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់ នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិន, ២-ឈ្មោះ សាយ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន, ៣-ឈ្មោះ ញាញ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ កសិករ, ៤-ឈ្មោះ ឃឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ និង៥-ឈ្មោះ ផែង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ហើយអ្នកទាំង៤រស់នៅភូមិឃុំជាមួយគ្នា ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង ៥នាក់ ត្រូវបានបញ្ជូនទៅ នគរបាលស្រុកពោងណាំរ៉ន ខេត្ដចាន់បូរី ប្រទេសថៃ ដើម្បីវិនិច្ឆ័ទោសតាមច្បាប់របស់ប្រទេសថៃ ៕ សហការី