ខេត្តបាត់ដំបង ៖ គ្រាប់មីនតោនប្រឆាំងរថក្រោះ១គ្រាប់ដែលជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្គ្រាមបង្ហូរឈាមត្រូវបាន ប្រជាកសិករប្រទះឃើញ នាព្រឹកថ្ងៃ សុក្រ ១៣ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈពួកគាត់កំពុង ភ្ជួររាស់ បង្កបង្កើនផលក្នុងចម្ការមួយ ហើយប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មន្ត្រីនគរបាលមូលដ្ឋាន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានរាយការណ៍ជូនអង្គការហេឡូត្រាស (HaloTrust) នាំយកមីនតោននោះទៅរក្សាទុកនិងរង់ចាំ កម្ទេចចោល។
នគរបាលស្រុកកំរៀងបានឲ្យដឹងថានៅក្នុងភូមិសាស្ត្រស្រុកកំរៀង នាពេលកន្លងមក គឺជាមូលដ្ឋាននៃជម្លោះប្រដាប់អាវុធ រវាងភាគីខ្មែរពីអតីតកាល ហើយមូលដ្ឋាននេះបានបន្សល់ទុកនូវអាវុធយុទ្ធភណ្ឌ យ៉ាងច្រើនសន្ធឹកសន្ធាប់ បើទោះបីជាមានការរំដោះ បោសសម្អាតយកចេញពីក្នុងដីពីសំណាក់ អង្គភាព ជំនាញយ៉ាងណាក៏ដោយ។ យូរៗម្តងមានករណី ផ្ទុះដោយយុទ្ធភណ្ឌទាំង នេះបានធ្វើឲ្យមាន ការអន្តរាយដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់របស់យើងជាញឹកញាប់ដែរ។
យ៉ាងណាក្នុងករណីមួយនេះអាច ចាត់ទុកថាជាមហាសំណាងណាស់ ដែលមីនតោនមួយគ្រាប់នេះមិនបានផ្ទុះបង្កឲ្យមានមហន្តរាយ ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ ប្រសិនបើជាផ្ទុះវិញ មិនដឹងបង្កមហន្តរាយធំយ៉ាងណា នោះទេ ៕ សហការី