ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តថយក្រោយមិនប្រយ័ត្នបុកលោកយាយអាយុ៩២ធ្លាយខួរស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកយាយម្នាក់ ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មខណៈដែលលោកយាយកំពុងអង្គុយរើសគ្រាប់ពោតលើចិញ្ចើមផ្លូវមុខផ្ទះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃ សៅរ៍ ១៤ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតលើផ្លូវលំមួយកន្លែង ក្នុងភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីនគរបាល ស្រុកពាមជរ បានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ នេត យ៉ាត់ អាយុ៩២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។រីឯខាងរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.សឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-6537 បើកបរដោយឈ្មោះ យោទ សុធា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកត្រែង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។ អ្នកបើកបររូបនេះត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។

សមត្ថកិច្ចឱ្យដឹងដែរថា នៅមុនពេលកើតហេតុ លោកយាយរងគ្រោះបានទៅអង្គុយរើសគ្រាប់ពោតដែលហាលជ្រុះលើដីនៅលើចិញ្ចើមផ្លូវមុខផ្ទះ លុះក្រោយមក ស្រាប់តែមានរថយន្តបង្កបានបើកចូលទៅ ដើម្បីដឹកគ្រាប់ពោត ហើយអ្នកបើកបរមិនប្រយ័ត្នបើកថយក្រោយក៏កិនលោកយាយដែលកំពុងអង្គុយរើសគ្រាប់ពោតក្បែរនោះចំក្បាលធ្លាយខួរស្លាប់ភ្លាមៗមួយរំពេច ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរយកទៅដោះស្រាយតាមច្បាប់ ។ ឯសពលោកយាយត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖