ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅជប៉ុន រយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។
លោកបណ្ឌិត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៍ដំណើរមកដល់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល ។ ក្នុងឱកាសនោះអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ ។
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅសភាជប៉ុន
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយក្រុមសមាជិកអន្តរសភាមិត្តភាពជប៉ុន (IC Parliamentary Friendship Group) ដែលដឹកនាំដោយលោក ហ្វ៊ូជីតា យូគីហ៊ីសា Yukihisa Fujita នាយកគណៈកម្មការកិច្ចការបរទេស និងការពារជាតិ និងលោក ស៊ីនហ្កូ មីយ៉ាកិ Shingo Miyake ប្រធានគណៈកម្មការកិច្ចការបរទេស និងការពារជាតិ។
ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group)ដែលដឹកនាំដោយលោក រ្យូ ស៊ីអូណូយ៉ា (Ryu Shionoya) ដែលជាប្រធានក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់ ។
នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានបន្តជួបពិភាក្សាការងារជាមួយលោកនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន លោកឧត្តមសេនីយ៍ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន៕