ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នាដួលបោកក្បាលទៅនឹងថ្នល់ ចំណែកភាគីម្ខាងទៀតលើកម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ចំណុចអតីតកន្លែងជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E 3644 ។
បុរសជាសន្តិសុខម្នាក់ដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ពេលដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលទាំង២នាក់តែម្តង ។ ដោយជនរងគ្រោះមិនបានពាក់មួយសុវត្ថិភាព ក៏បានរងរបួសធ្ងន់ធ្ងរហូរឈាមស្រោចក្បាល និងដកចង្ការមាន់ ហើយត្រូវប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយឲ្យជួយសង្គ្រោះ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់ ចំណែកភាគីម្ខាងទៀតរបួសស្រាលក៏លើកម៉ូតូគេចខ្លួនបាត់ ។
ក្រោយមកសមត្ថកិច្ចបានមកវាស់វែងនៅនឹងកន្លែងកើតហេតុ និងទំនាក់ទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ឲ្យមកទទួលយកទៅធ្វើបុណ្យ ៕ សុខាសែនជ័យ