ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ឆាបឆេះរលាកពេញខ្លួនដោយរបូតទុយយោធុងហ្គាសពេលចម្អិនម្ហូប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលស្រែកឆោឡោដល់អ្នកភូមិជិតខាងរបងជាមួយ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយសារបូតទុយយោផ្ទុះហ្គាស ដាំបាយទម្ងន់ប្រមាណ១០គីឡូក្រាម លឺសូរលាន់ដូចគ្រាប់ផ្លោង បណ្តាលឆេះរោងបាយខ្ទេច បង្កមានគ្រោះថ្នាក់ដល់មនុស្ស៥នាក់ រងបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងនៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ករណីផ្ទុះធុងហ្គាសនេះបានបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ មានឈ្មោះប្រាក់ ផាត់ ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរកសិកររង របួសធ្ងន់,ទី២ មានឈ្មោះ នុត ណាន ភេទស្រី អាយុ៤២ ឆ្នាំ រងរបួសធ្ងន់, ទី៣ឈ្មោះ នុត ស៊ីណន ភេទស្រី អាយុ២៧ឆ្នាំ រងរបួសធ្ងន់ ទី៤មានឈ្មោះនុត នី ភេទស្រី អាយុ៣០ ឆ្នាំ រងរបួសស្រាល និងទី៥ មានឈ្មោះ សុខ ម៉ានីត ភេទស្រី អាយុ៦ ឆ្នាំ របួសស្រាល ដោយអ្នកទាំង៥នាក់មានទីលំនៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា ក្នុងករណីនេះដែរ ក៏មាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុករមាសហែក មួយគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់ប្រមាណជាង១ម៉ោង ក៏គ្រប់គ្រងស្ថានការណ៍បានបទាន់ពេលវេលា មិនមានរាលដាលដល់ផ្ទះអ្នកភូមិនោះទេ ខណៈមានកម្លាំងកងរាជអាវុធហត្ថស្រុកនគរបាលស្រុករមាសហែក ក៏ដូចជាអ្នកភូមិមកជួយផងដែរ។

ចំណែកជនរងគ្រោះទាំង៥នាក់ ត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ខណៈដែលមូលហេតុជាបឋមបណ្ដាលមកពីរបូតទុយយោធុងហ្គាសពេលចម្អិនម្ហូប ហើយនាំគ្នាជួយអន្តរាគមន៍ ក៏ផ្ទុះធ្វើឲ្យឆាបឆេះរលាករលួយពេញខ្លួនប្រាណតែម្ដង៕ យឹម សុថាន


ចែករំលែក៖