មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកបាននិងកំពុងទន្ទឹងរង់ចាំថា តើទីកន្លែងណាមួយ ឬប្រទេសណាមួយត្រូវបានសម្រេចជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំជំនួបកំពូលប្រវត្តិសាស្ត្ររវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ស្តីអំពីបញ្ហានុយក្លេអ៊េរនោះឬ ។
ទីតាំង ឬប្រទេសជាច្រើនត្រូវបានគេពិចារណាសម្រាប់ព្រឹត្តិការណ៍ជំនួបកំពូលមួយនេះ ក្នុងនោះ មានប្រទេសម៉ុងហ្គោលី, ប្រទេស៊ូម៉ាលី, ប្រទេសសិង្ហបុរី, ប្រទេសស្វីស ឬតំបន់គ្មានយោធា ភូមិ Panmunjom ដែលចែកខណ្ឌសីមាកូរ៉េទាំងនោះជាដើម ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទ ថា លោកជឿជាក់ថាកិច្ចប្រជុំកំពូលរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងចាប់ផ្តើម នៅពេលលោកលើកជាគំនិតយោបល់ថា តើអាចប្រព្រឹត្តទៅនៅឯតំបន់គ្មានយោធារវាងកូរ៉េទាំងពីរដែរឬទេ ។
លោក Trump កាលពីសប្តាហ៍មុនបានថ្លែងថា ទីតាំងពីរ ឬបីកំពុងស្ថិតនៅក្នុងការពិចារណាសម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងនេះ ប៉ុន្តែមិនទាន់បានកំណត់ជ្រើសរើសយកទីកន្លែងណាមួយឲ្យច្បាស់លាស់នៅឡើយទេ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយសមភាគី នីហ្សេរីយ៉ា Muhammadu Buhari លោក Trump បានបញ្ជាក់ថា ប្រទេសសឹង្ហបូរី កំពុងស្ថិតក្រោមការពិចារណាជាទីតាំងមួយដែរ ប៉ុន្តែ – ក្រោយពីការធ្វើបទសម្ភាសមួយ – លោកត្រាំ សួរថា តើតំបន់គ្មានយោធា (DMZ) គួរតែត្រូវពិចារណាជ្រើសរើសយកផងដែរឬទេ ។
លោក Trump បានថ្លែងថា: «ជាទីកន្លែងដែលខ្ញុំពេញចិត្ត ពីព្រោះអ្នកនៅទីនោះ – ប្រសិនបើអ្វីៗដំណើរការល្អមែន នោះ ការប្រារព្ធពិធីដ៏អស្ចារ្យមួយនេះប្រាកដជាកើតឡើងនៅទីនេះ មិនមែននៅប្រទេសទីបីនោះទេ»។
មេដឹកនាំអាមេរិកបានបន្ថែមថា “យើងកំពុងសម្លឹងមើលប្រទេសផ្សេងទៀត រួមទាំងសឹង្ហបុរីផងដែរ ។ “មនុស្សគ្រប់គ្នាចង់បានពួកយើង – វាមានឱកាសដើម្បីក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ ” ។ ទីតាំងដែលមានសក្តានុពលផ្សេងទៀត រួមមានដូចជាម៉ុងហ្គោលី និងស្វីសជាដើម។
ផ្ទះសន្តិភាពនៅក្នុងភូមិ Panmunjom ជាភូមិមួយគ្មានសកម្មភាពយោធា (DMZ)ចែកខណ្ឌសីមាប្រទេសកូរ៉េទាំងពីរ ។ ការចុះហត្ថលេខាលើបទឈប់បាញ់នៃសង្គ្រាមកូរ៉េ 1953 ត្រូវបានរៀបចំធ្វើឡើងនៅផ្ទះសន្តិភាពមួយនេះ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ជំនួបកំពូលរវាងលោក គីម ជូងអ៊ុន នឹងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ដែលជាជំនួបជំហានដំបូងមួយដ៏មានសារសំខាន់ដើម្បីបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះ ក៏បានប្រព្រឹត្តឡើងនៅទីតាំងមួយនេះផងដែរ ។
ថ្លែងនៅក្នុងប្រព័ន្ធ tweet របស់ប្រធានាធិបតីអាមេរិក, លោក Trump បានបង្ហើរសារមួយថា “ប្រទេសជាច្រើនកំពុងត្រូវបានគេចាត់ទុកថា ជាកន្លែងសម្រាប់កិច្ចប្រជុំនេះ ប៉ុន្តែតើផ្ទះសន្តិភាព / សេរីភាព នៅលើព្រំដែននៃកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងក្លាយជាទីតាំងដែលមានសារៈសំខាន់ និងយូរអង្វែងជាងប្រទេសទីបីដែរឬទេ? គ្រាន់តែសួរ!» ៕ ថាច់ យ៉ាត