ខេត្តស្វាយរៀង៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមពេញផ្ទៃមុខ សន្លប់ស្ដូកស្ដឹង នឹងកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលម្នាក់ឯង សង្ស័យប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ចាប់ហ្វ្រាំងបោក នឹងថ្នល់កាលពី ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២ នៅត្រង់ចំណុច ស្ពានបាធូ ភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង។
បើតាមមន្ត្រីកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឲ្យកាសែតនគរវត្តដឹងថា យុវជនដែលរងគ្រោះមានឈ្មោះ ចន យឿង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតែងម៉ៅ ឃុំ ចន្រ្ទា ស្រុក ចន្រ្ទាខេត្ត ស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG9596 ខូចខាតយ៉ាងដំណំ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG9596 ធ្វើដំណើរពីជើងមកត្បូង ប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយត្ន័ ស្រាប់តែមកដល់ត្រង់ចំណុចស្ពានបាធូ ចំណុចកើតហេតុខាងលើ ក៏ដួលដោយបោកក្បាលនឹងថ្នល់យ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ បែកក្បាលហូរឈាមបង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចបានមកដល់យកជនរងគ្រោះបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ដើម្បីព្យាបាលផងដែរ ព្រមទាំងប្រគល់ម៉ូតូទៅឲ្យក្រុមគ្រួសាររក្សាទុក៕ យឹម សុថាន