លោក Vincenzo Montella អ្នកចាត់ការទូទៅក្រុម Sevilla ត្រូវបានក្លិបបណ្ដេញចេញពីតំណែង ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អសម្រាប់ការប្រកួតកន្លងទៅ។ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីវ័យ៤៣ឆ្នាំរូបនេះក៏ត្រូវបានក្រុម AC Milan បញ្ចប់តួនាទីម្តងរួចមកហើយកាលខែវិច្ឆិកា ឆ្នាំ២០១៧ មុននឹងចូលមកកាន់តួនាទីក្នុងក្រុម Sevilla កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ។
ចាប់តាំងពីការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League មកក្រុម Sevilla មិនដែលឈ្នះសោះ ពោលគឺចាប់តាំងពីទម្លាក់ក្រុមបិសាចក្រហម Manchester United នៅវគ្គ ១៦ក្រុម កាលពីថ្ងៃទី១៣ ខែមីនា ដោយ៩ប្រកួតមិនទាន់ស្គាល់រសជាតិឈ្នះឡើយ។
សម្រាប់ការប្រកួតដែលនៅសល់មុនបញ្ចប់រដូវកាលក្រុម Sevilla បានតែងតាំងអតីតគ្រូបង្វឹករបស់ខ្លួន គឺលោក Joaquin Caparros ឲ្យចូលមកដឹកនាំក្រុមបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាល ខណៈដែលបច្ចុប្បន្នក្រុមមាន ចំណាត់ថ្នាក់លេខ៨នៅក្របខ័ណ្ឌ La Liga គិតត្រឹមសប្តាហ៍ទី៣៤ ៕ ដេវីត