ព័ត៌មានទាន់ហេតុការណ៍៖

កម្មករនេសាទផឹកស៊ីនិយាយប៉ប៉ាច់ប៉ពូ ប្រកែកគ្នាទាញកាំបិតកាប់គឹប ស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ខេត្តកំពង់ធំ ដោយតែផឹកស៊ីទាស់សម្តីគ្នា ជនសង្ស័យ២នាក់បានទាញកាំបិតមកកាប់ចំក្បាល និងស្មារជាច្រើនកាំបិត។

ហេតុការណ៍បង្ករឲ្យភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែរខាងក្រោយវត្តបិណ្ណី ចំងាយ១៥០០ម៉ែត ស្ថិតនៅភូមិបិណ្ណី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុន ហ៊ី ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិ តាំងក្រសាំ ង ឃុំ ងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ចំណែក ជនសង្ស័យទីឈ្មោះ ហុង ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះគួន វី ភេទប្រុស អាយុ៣៤ឆ្នាំ ជនល្មើសទាំង២នាក់រស់នៅភូមិ បិណ្ណី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ បច្ចុប្បន្នរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យអាចប្រកបមុខរបរនេសាទ ហើយក៏បបួលគ្នាផឹកស៊ី ក្រោយពីសម្រាកពីការងារ ផឹកបណ្តើរ ប៉ប៉ាច់ប៉ពូបណ្តើរ លុះស្រវឹងរៀងខ្លួន បានប្រកែកគ្នាយ៉ាងតឹងសរសៃក ជនសង្ស័យអត់ទ្រាំពុំបាន ក៏ទាញកាំបិតមកកាប់ទៅលើជនរងគ្រោះចំក្បាលជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងបងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ តែជាអកុសលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។

សាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាកប្រពៃណី។ ចំណែកជនដៃដល់ទាំង២នាក់ សមត្ថកិច្ចស្រុកកំពង់ស្វាយកំពុងតែស្រាវជ្រាវ និងរុករកចាប់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖