ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជាង៦ខែមកមន្ត្រីជំនាញបានចុះរុករកនៅក្នុងភូមិសាស្ត្រឃុំគគីរ ស្រុករមាសហែកបានគ្រាប់បែកគីមីរបស់អាមេរិកសរុបមានចំនួន៤០គ្រាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា អាជ្ញាធរគីមីបានរុករកគ្រាប់បែកគីមីនៅឃុំគគីរ ស្រុករមាសហែក មានរយៈពេលជាង៦ខែមកហើយ ក្នុងនោះមន្ត្រីជំនាញបានចុះរុករកនៅក្នុងភូមិសាស្ត្រឃុំគគីរ ស្រុករមាសហែក រកឃើញគ្រាប់បែកគីមីរបស់អាមេរិកមានចំនួន៤០គ្រាប់ គិតត្រឹមថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។

មន្ត្រីដដែលបានបន្តទៀតថា ក្នុងប្រតិបត្តិការរុករកគ្រាប់បែកគីមីនេះ សមត្ថកិច្ចបានសហការជាមួយមន្ត្រីស៊ីម៉ាក់ ធ្វើកិច្ចការងារនេះទាល់តែបោសសម្អាតរួចរាល់នៅក្នុងឃុំគគីរនេះ ដើម្បីប្រជាពលរដ្ឋ រស់នៅមិនមានការភ័យខ្លាចបន្តទៀត ។

ប្រភពបន្តថា ដោយសារឥទ្ធិពលសារធាតុគីមីបានបង្ខំឲ្យពលរដ្ឋឃុំគីគរត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាពដោយសារថប់ដង្ហើម ក្តៅក្រហាយ និងរមាស់លើស្បែក នៅពេលដែលប្រជាពលរដ្ឋកាយប៉ះរណ្តៅគ្រាប់បែកគីមីក្នុងរយៈពេលកន្លងមកនេះ ។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នោះ រាជរដ្ឋាភិបាលបានកសាងមណ្ឌលសុខភាពនៅក្នុងឃុំគគីរ ទីដែលរងគ្រោះគ្រាប់បែកគីមីដើម្បីព្យាបាលជនរងគ្រោះដោយឥទ្ធិពលគ្រាប់បែកគីមី និងព្យាបាលជំងឺទូទៅផងដែរ ។

គ្រាប់បែកគីមីនៅតែលងបន្លាចដល់គ្រួសារជនរងគ្រោះឃុំគគីរជារៀងរាល់ថ្ងៃ មិនដឹងថ្ងៃណាបានដោះស្រាយទុក្ខវេទនានៃផ្លូវចិត្ត និងសុខភាពគ្រួសារដោយសារការសាយភាយ នៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកនេះ គ្រួសារប្រជាពលរដ្ឋរងគ្រោះអំពាវនាវដល់អង្គការសហប្រជាជាតិ គួរពន្លើនក្នុងការដោះស្រាយរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ ដោយសារគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក មកលើគ្រួសារខ្មែររងគ្រោះទាំងអស់នេះ ។

សូមជម្រាបថា គ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ ត្រូវបានអាជ្ញាធរអាវុធគីមី សហការជាមួយស៊ីម៉ាក់ដោះបាន នៅក្នុងបរិវេណវត្ត និងនិងសាលាបឋមសិក្សាគគីរ កាលពីកំឡុងខែតុលា ឆ្នាំ២០១៧។ បន្ទាប់មក គ្រាប់បែកជាច្រើនគ្រាប់ផ្សេងៗទៀត ត្រូវបានអាជ្ញាធរ និងស៊ីម៉ាក់រកឃើញ ដែលគ្រាប់បែកទាំងនោះមានខ្លះ មានទីតាំងនៅជិតៗផ្ទះ របស់ប្រជាពលរដ្ឋ ដែលទាមទារឲ្យ អាជ្ញាធរដោះស្រាយជាបន្ទាន់ ៕ យឹម សុថាន


ចែករំលែក៖