ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើក សម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាល ទី៤ ដោយមានសមាជិក សមាជិកាព្រឹទ្ធ សភាចំនួន៦២រូបចួលរួម និងមានរបៀប វារៈដូចខាងក្រោម៖
១. ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធ សភា ។
២. ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា ។
របៀបវារៈទី១៖ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធ សភា ដោយមានសំឡេងគាំទ្រចំនួន៦២ សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
របៀបវារៈទី២៖ ការបោះឆ្នោតជ្រើសរើសសមាជិក នានារបស់ព្រឹទ្ធសភា ។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាប ជូនអង្គប្រជុំអំពីសមាសភាពបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា នីតិកាលទី៤ ។
លេខាធិការអង្គប្រជុំបានចាប់ឆ្នោត ជ្រើសរើសគណៈកម្មការបោះឆ្នោតចំនួន៥រូប៖១. លោក ជា ជេដ្ឋ, ២. លោកស្រី មាន សំអាន , ៣. លោក ម៉ែន ស៊ីផាន់, ៤. លោក សួន មាន និងទី៥ លោក ជុំ វងគណៈកម្មការបោះឆ្នោតបានណែនាំអំពីរបៀបបោះឆ្នោត ។
គណៈកម្មការបោះឆ្នោតបានពិនិត្យ និងរាយការណ៍ជាលាយលក្ខណ៍អក្សរជូន សម្តេចប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃការបោះឆ្នោតសម្ងាត់ជ្រើសរើសសមាជិកគណៈកម្មការទាំង១០ នៃព្រឹទ្ធសភានីតិកាលទី៤ ។
សម្តេចប្រធានអង្គប្រជុំ បានប្រសិទ្ធពរ ជូនលោក លោកស្រី សមាជិក សមាជិកា ដែលជាប់ឆ្នោតក្នុងគណៈកម្មការទាំង១០ ព្រមទាំងណែនាំគណៈកម្មការនីមួយៗ បើកកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ក្រោមការដឹកនាំរបស់សមាជិកសមាជិកា ដែលមានលំដាប់លេខរៀងទី១ស្របតាមបញ្ញាតិ្តប្រការទី១៦នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភារួចហើយសមាជិកសមាជិកា ដែលមានលេខរៀងទី១ ក្នុងគណៈកម្មការនីមួយៗត្រូវសរុបរាយការណ៍ជូនសម្តេចប្រធានព្រឹទ្ធសភាដើម្បីប្រកាសជូនអង្គព្រឹទ្ធ សភាជ្រាបនិងផ្សព្វផ្សាយជាសាធារណៈ។
លទ្ធផលនៃការបោះឆ្នោតខាងលើមាននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕សូរិយា