ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុន បំពេញស្សនកិច្ចបណ្តាប្រទេសតំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ៊ អាបេ បានចាប់ផ្តើមបំពេញទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ាក្នុងនោះប្រទេសអេមីរ៉ាតអារ៉ាប់រួមជាប្រទេសដែលលោកអាបេទៅធ្វើទស្សនកិច្ចមុនគេ មុននឹងបន្តដំណើរទៅកាន់ប្រទេសហ្សកដានី អុីស្រាអែល និង នៅក្នុងដែនដីប៉ាឡេស្ទីន។ ទស្សនកិច្ច រយៈពេល ២៤ម៉ោងនៅក្នុងទឹកដីអេមីរ៉ាតអារ៉ាប់រួម ទីក្រុងតូក្យូ និងទីក្រុងអាប៊ូដាប៊ីបានគូសបញ្ជាក់ពីឆន្ទៈក្នុងការបង្កើនការ អភិវឌ្ឍរវាងគ្នានៅសឹងគ្រប់វិស័យ ពិសេស វិស័យថាមពល។

ការប្តេជ្ញាចិត្តរបស់ជប៉ុន និងអេមីរ៉ាត អារ៉ាប់រួមយ៉ាងដូចនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយផ្តោតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ច សហប្រតិបត្តិការនៅក្នុងផ្នែកថាមពលកកើតឡើងវិញ ការចម្រាញ់ទឹកស្អាត បញ្ញា សិប្បនិមិត្ត សុខភាព និងសម្ភារបរិក្ខារ ពេទ្យ។ ទន្ទឹមគ្នានេះ ក្រុងតូក្យូ និងក្រុង អាប៊ូដាប៊ីក៏បានសន្យាធ្វើការអភិវឌ្ឍរវាងគ្នានៅក្នុងវិស័យផ្សេង ក្រៅពីថាមពល ផងដែរ។ ថ្លែងនៅក្នុងវេទិកាជំនួញជប៉ុន-អេមីរ៉ាតអារ៉ាប់រួម លោកនាយករដ្ឋមន្រ្តីជប៉ុនអាបេបានលើកឡើងពីភាពរីកចម្រើនដ៏អស្ចារ្យនៃទំនាក់ទំនងទ្វេភាគីដែលលោកហៅថា ជាទំនាក់ទំនងយុទ្ធសាស្រ្ត។

សូមជម្រាបជូនថា អេមីរ៉ាតអារ៉ាប់រួមជាដែគូពាណិជ្ជកម្មដ៏សំខាន់របស់ជប៉ុននៅ តំបន់មជ្ឈិមបូព៌ា ហើយក៏ជាអ្នកផ្គត់ផ្គង់ប្រេងឆៅលំដាប់ទី២ ឲ្យជប៉ុន បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូ៊ឌីតដែរ។ នៅក្នុងន័យនេះ លោកអាបេមិនភ្លេចអរគុណទីក្រុងអាប៊ូដាប៊ីដែលទើបបានបន្តអាជ្ញាប័ណ្ណឲ្យក្រុម ហ៊ុនប្រេងជប៉ុនដែលកំពុងបោះទុនរកស៊ីនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ក្នុងឆ្នាំ ២០១៧ កន្លងទៅ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មរវាងជប៉ុន នឹងអេមីរ៉ាតអារ៉ាប់ រួមមានចំនួន ២៨.០០០លានដុល្លារ ដែលមានជាងពាក់កណ្តាលទាក់ទងក្នុងវិស័យថាមពល។

ក្រៅពីពាណិជ្ជកម្ម សេចក្តីថ្លែងការណ៍ រួមក៏បានគូសបញ្ជាក់ពីឆន្ទៈរួមគ្នាក្នុងការ ផ្តល់សន្ទុះនៅក្នុងកិច្ចសហប្រតិបត្តិការយោធា ពិសេសក្នុងផ្នែកសម្ភារបរិក្ខារយោធា និងបច្ចេកវិទ្យា។ បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកអាបេនឹងបន្តដំណើរទៅកាន់ប្រទេសហ្ស៊កដានី អុីស្រាអែល និងនៅក្នុងដែនដីប៉ាឡេស្ទីន៕ ម៉ែវ សាធី


ចែករំលែក៖