ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង, ចិន និងជប៉ុន នឹងជួបប្រជុំកំពូលនៅទីក្រុងតូក្យូ នៅសប្តាហ៍ក្រោយ

ចែករំលែក៖

លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីជាមួយនាយ​ករដ្ឋមន្រ្តីចិន និងមេដឹកនាំជប៉ុន លោកស៊ីនហ្សូ អាបេ ។

លោក Kim Eui-kyeom អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ផ្សាយកាលពីថ្ងៃទី១ ខែឧសភា ថា លោក Moon បានយល់ព្រមរួមប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃពុធ សប្តាហ៍ក្រោយ។

វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មូន ទៅកាន់ប្រទេសជប៉ុនចាប់តាំងពីឡើងកាន់តំណែងកាលពីមួយឆ្នាំមុន ។

លោក Moon ក៏នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលធ្វើដំណើរទៅកាន់ជប៉ុន ក្នុងរយៈពេលប្រាំមួយឆ្នាំ និងប្រាំខែ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីលី ម្យុងបាក់ ។

កិច្ចប្រជុំកំពូលចុងក្រោយរបស់មហាអំណាចក្នុងតំបន់ទាំងបី ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល កាលពីខែវិច្ឆិកា ឆ្នាំ 2015 ។

លោកប្រធានាធិបតី គីម បាននិយាយថា លោកប្រធានាធិបតីគ្រោង នឹងផ្តល់ព័ត៌មានសង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ និងផ្តល់ការពិគ្រោះយោបល់លើវិធីដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបី សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាព។

នៅខាងក្រៅព្រឹត្តិការណ៍នេះ លោក មូន នឹងរៀបចំកិច្ចពិភាក្សាមួយទល់នឹងមួយជាមួយលោក អាបេ ។ កូរ៉េខាងត្បូងនិងជប៉ុនធ្លាប់បានជួបប្រជុំជាត្រីភាគីរយៈពេល៤លើកមកហើយ ភាគច្រើននៅលើកិច្ចប្រជុំថ្នាក់អន្តរជាតិ ហើយជំនួបចុងក្រោយបំផុតនេះប្រព្រឹត្តឡើងនៅពិធីបើកកីឡាអូឡាំពិករដូវរងារនៅទីក្រុង Pyeongchang កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ៕ ថាច់ យ៉ាត


ចែករំលែក៖