ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ថា សម្តេចសូមស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖

«កម្ពុជាមានសន្តិភាព គឺកម្ពុជាកាន់តែរីកចម្រើន

ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ក៏ជិតមកដល់។ ខ្ញុំសូមស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ នេះគឺបង្ហាញអោយឃើញច្បាស់ថា កម្ពុជាកំពុងគោរពនិងអនុវត្តន៍នូវលទ្ឋិប្រជាធិបតេយ្យ ដែលគណបក្សនយោបាយតូចធំទាំងអស់ក្នុងប្រទេសមានសិទ្ឋិ និងឱកាសចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយសេរី។

កាលពីម្សិលមិញ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមអបអរសាទរជាមួយកូនក្មួយកម្មករនៅក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខ្ញុំរីករាយនៅពេលដែលបានឃើញកូនក្មួយមានសុខភាពល្អ មានការងារធ្វើជាប់លាប់ មានប្រាក់ខែល្អសមរម្យ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានយកចិត្តទុក ដាក់គិតគូយ៉ាងខ្លាំងក្នុងការការពារ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដល់ក្មួយៗកម្មករទាំងក្នុងពេលកំពុងបម្រើការងារ និងក្រោយពេលឈប់សម្រាកចូលរឺត្រែត ដើម្បីកូនក្មួយមានជីវភាពរស់នៅកាន់តែល្អប្រសើរ។

សូមអរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការគណបក្សប្រជាជន និងកូនក្មួយយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ហើយបន្តបោះឆ្នោតជូន គណបក្សប្រជាជន ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងរីកចម្រើនសំបូរសប្បាយ» ៕


ចែករំលែក៖