ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់តាំងខ្លួនជាសមត្ថកិច្ចហើយបានហៅយុវជនម្នាក់សួរនាំ និងឆែកឆេរដងខ្លួនរួមដកហូតយកទូរស័ព្ទមួយគ្រឿង និងឯកសារមួយចំនួនទៀត តែត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង០៥នាទី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីវាល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ឈិន សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅបន្ទប់ជួលភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ឈ្មោះ រស់ សារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រីឯទូរស័ព្ទដែលជនសង្ស័យយកនោះ អូប៉ូ ពណ៌ខ្មៅក្រហម (តម្លៃ៣២៩ដុល្លាអាមេរិក)។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅផឹកទឹកត្នោតជូរជាមួយមិត្តភក្ដិនៅម្ដុំដីវាលក្រោយភូមិអង្គកែវ សង្កាត់ពោធិ៍សែនជ័យ រួចហើយបានជិះម៉ូតូចេញពីកន្លែងផឹកទឹកត្នោតជូរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យប្រាំនាក់បានដើរមកឃាត់ម៉ូតូជនរងគ្រោះហើយថា ខ្លួនជាសមត្ថកិច្ចបានឆែកឆេរលើខ្លួនជនរងគ្រោះ និងបានដកយកសោរម៉ូតូ និងទូរស័ព្ទដែរបស់ជនរងគ្រោះមួយគ្រឿង ។ ក្រោយមកជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ ចំណែកបក្ខពួកបួននាក់ទៀតបានគេចខ្លួនបាត់ ៕ សុខាសែនជ័យ